បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិត សព្វាវុធអាមេរិក General Atomics បានផ្តល់ជូនអ៊ុយក្រែន នូវយន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏មានកិច្ចព្រមព្រៀង ដ៏ចម្រូងចម្រាសផងដែរ ប្រសិនបើត្រូវបានអនុម័ត នឹងមកជាមួយតម្លៃដឹកជញ្ជូនដ៏សំខាន់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សំណើនេះនឹងតម្រូវឱ្យអ៊ុយក្រែន ចំណាយប្រាក់ចំនួន ១០ លានដុល្លារដើម្បីរៀបចំ និងដឹកជញ្ជូនយន្តហោះ គ្មានមនុស្សបើកពីសហរដ្ឋអាមេរិក ខណៈដែលការចំណាយលើការថែ ទាំនឹងកើនឡើងដល់ប្រហែល ៨ លានដុល្លារជារៀងរាល់ឆ្នាំ។ បន្ថែមពីលើយន្តហោះគ្មានមនុស្សបើក MQ-9A Block 1 ចាស់ចំនួន២គ្រឿង កញ្ចប់នឹងរួមបញ្ចូល ស្ថានីយត្រួតពិនិត្យចល័ត ដើម្បីដំណើរការ UAVs “ស្ទើរតែគ្រប់ទីកន្លែង” នេះបើយោងតាមលិខិត ដែលឃើញដោយ WSJ ។
អគ្គនាយក Atomics លោក Linden Blue បានផ្តល់គំនិតនេះ ទៅកាន់អនុព័ន្ធយោធាអ៊ុយក្រែន កាលពីខែមុន ។ ខណៈដែលទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន ទាំងពីរបានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំណែក អ្នកនាំពាក្យក្រុមហ៊ុន គឺលោក C. Mark Brinkley បានប្រាប់កាសែត Journal ថា ការពិភាក្សារវាងរដ្ឋាភិបាល អ៊ុយក្រែន និងក្រុមហ៊ុនបានដំណើរ ការអស់រយៈពេល “ជាច្រើនខែ” ។
សូមជម្រាបថា ខណៈដែលសហរដ្ឋអាមេរិក បានបំពាក់អាវុធដល់អ៊ុយក្រែន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Switchblade ជាង ៧០០ គ្រឿង និង យន្តហោះគ្មានមនុស្សបើក Phoenix Ghost kamikaze ១ ៨០០គ្រឿង ដែលមានសមត្ថភាព បំផ្ទុះគោលដៅ ក៏ដូចជា UAVs ឈ្លបយកការណ៍មួយក្តាប់តូច ទីក្រុងវ៉ាស៊ីនតោននៅតែបន្តទទូចថា ជំនួយរបស់ខ្លួនភាគច្រើន ជាការការពារ៕
ប្រែសម្រួលៈ ណៃ តុលា