ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គំរាមប្រើអាវុធនុយក្លេអ៊ែរ

បរទេស៖ ប្រទេសកូរ៉េខាងជើងបានសន្យាថា នឹងសងសឹកឆ្លើយតបទៅនឹង ការគំរាមកំហែងផ្នែកសន្តិសុខ ណាមួយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងការប្រើប្រាស់ “កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត” របស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ជាមួយនឹងការសន្យាថា នឹងពង្រីកបន្ថែមទៀតនូវ សមយុទ្ធយោធារួមគ្នារបស់ពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស ដែលមិនស្គាល់ម្នាក់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែលធ្វើឡើងដោយទីភ្នាក់ងារ ព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃព្រហស្បតិ៍ថា “ស្ថានភាពយោធា និងនយោបាយនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ បានឈានដល់បន្ទាត់ក្រហមខ្លាំង ដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នា ដោយយោធាដែលមិនប្រុងប្រយ័ត្ន និងអំពើអរិភាពរបស់សហរដ្ឋអាមេរិក និងកងកម្លាំងចំណុះរបស់អាមេរិក” ។

លោក Austin បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត “ដែកថែប” របស់អាមេរិកក្នុងការផ្តល់ ‘ឆ័ត្រនុយក្លេអ៊ែរ’ ដល់សម្ព័ន្ធមិត្តដ៏សំខាន់ របស់ខ្លួនគឺកូរ៉េខាងត្បូង។ នៅក្នុងអត្ថបទវិចារណកថា ដែលចេញផ្សាយដោយ Yonhap លោក Austin បានបង្ហើបថា សម្ព័ន្ធមិត្តកំពុង “ពង្រីកវិសាលភាព និងទំហំនៃលំហាត់រួមរបស់យើង” រួមទាំង “លំហាត់លើតុដែលផ្អែកលើ សេណារីយ៉ូកាន់តែស្មុគស្មាញ ដែលផ្តោតលើការគំរាមកំហែងនុយក្លេអ៊ែរ” ក្នុងគោលបំណង “បង្កើនអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនរបស់យើងក្នុងការ ‘ Fight Tonight ‘ បើចាំបាច់៕

ប្រែសម្រួលៈ ណៃ តុលា

To Top