ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបន្តធ្វើការជាមួយទីក្រុងគៀវ ដើម្បីដោះស្រាយអំពើពុករលួយ លើជំនួយរបស់ខ្លួន នៅអ៊ុយក្រែន

បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យថា មិនមានការចង្អុលបង្ហាញ ណាមួយដែលថា លុយដែលផ្តល់ទៅឱ្យទីក្រុងគៀវ ដោយទីក្រុងវ៉ាស៊ីនតោនោះ គឺត្រូវបានគេប្រើប្រាស់ខុសចំពេល ប្រទេសមានជម្លោះជាមួយរុស្ស៊ីនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន Reuters បានលើកឡើងពីបញ្ហានេះកាលពីថ្ងៃអង្គារ បន្ទាប់ពីមានរឿងអាស្រូវពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានការបណ្តេញ មន្ត្រីជាន់ខ្ពស់ជាច្រើនរូប។ ទាំងនេះរួមមានអនុប្រធាន ការិយាល័យប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី, អនុរដ្ឋមន្ត្រី និងប្រធានរដ្ឋបាលតំបន់ ក៏ដូចជាអគ្គព្រះរាជអាជ្ញារង គឺលោក Aleksey Simonenko ផងដែរ។

អ្នកនាំពាក្យក្រសួងរតនាគារលោកស្រី Megan Apper បាននិយាយថា យើងមិនមានការចង្អុលបង្ហាញថា មូលនិធិរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ខុស នៅក្នុងអ៊ុយក្រែននោះទេ។ “យើងស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដោយអាជ្ញាធរអ៊ុយក្រែន ក្នុងការធ្វើការជាមួយយើង ដើម្បីធានាឱ្យមានការការពារ សមស្របដើម្បីឱ្យជំនួយរបស់សហរដ្ឋអាមេរិក ទៅដល់ដូចដែលបានគ្រោងទុក។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី Apper បានចង្អុលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តធ្វើការជាមួយធនាគារពិភពលោក ដើម្បីតាមដានកញ្ចប់ជំនួយហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក “ដើម្បីបញ្ជាក់ថា ជំនួយទាំងនោះត្រូវបាន ប្រើប្រាស់ដូចបំណង ក៏ដូចជាជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដើម្បីដោះស្រាយអំពើពុករលួយ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top