ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា នៅដែនសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក និងហ្វីលីពីន បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញ នៅដែនសមុទ្រចិនខាងត្បូង ខណៈដែលសម្ព័ន្ធមិត្តដ៏យូរលង់ ស្វែងរកការទប់ទល់នឹងការកើនឡើង នៃយោធារបស់ប្រទេសចិន ។
គួរបញ្ជាក់ថា ប្រទេសទាំង២ បានផ្អាកការល្បាតដែនសមុទ្រ នៅក្នុងតំបន់ដែលមានជម្លោះដ៏ក្តៅគគុក ក្រោមការគ្រប់គ្រង របស់អតីតប្រធានាធិបតី Rodrigo Duterte ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល របស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin លោក និងសមភាគីហ្វីលីពីន លោក Carlito Galvez “បានយល់ព្រមចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញ នៅសមុទ្រចិនខាងត្បូង ដើម្បីជួយដោះស្រាយបញ្ហាប្រឈម (សន្តិសុខ)” ។

មន្ត្រីទាំងនោះក៏បានប្រកាស ពីកិច្ចព្រមព្រៀងផ្តល់ឲ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានចំនួន៤ផ្សេងទៀត នៅក្នុង “តំបន់យុទ្ធសាស្ត្រ” នៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top