ព័ត៌មានអន្តរជាតិ

ប្រធានក្រុមហ៊ុនទេសចរណ៍ចិនជាង៣០នាក់ មកដល់ប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលចិនបើកឱ្យមានដំណើរកម្សាន្ត ក្រៅប្រទេសឡើងវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ តំណាងក្រុមហ៊ុនទេសចរណ៍ចិនជាង៣០នាក់មកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលចិនបើកឱ្យមានដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេសឡើងវិញ ។វត្តមានរបស់តំណាងក្រុមហ៊ុនទេសចរណ៍ចិននេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធរបស់កម្ពុជា។

ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន ក្នុងឱកាសទទួលស្វាគមន៍តំណាងក្រុមហ៊ុនទេសចរណ៍នោះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ប្រទេសកម្ពុជាមានប្រសាសន៍ថា ថ្ងៃទី៦ខែកុម្ភៈនេះ ជាថ្ងៃដែលរដ្ឋាភិបាលចិនបានបើកឱ្យទេសចរចិនចេញទស្សនានៅប្រទេសចំនួន២០ប្រទេសក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។

ឯកឧត្តមបន្តថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រធានក្រុមហ៊ុនទេសចរណ៍ចិនជាង៣០នាក់មកពីទីក្រុង Shenzhen ប្រទេសចិន តាមជើងហោះហើរត្រង់ពី Shenzhenមករាជធានីភ្នំពេញ ខណៈដែលវត្តមានរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរចិននៅកម្ពុជានេះជាសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍កម្ពុជាក្រោយពីវិបត្តិកូវីដ១៩។

សំឡេង៖ « កម្ពុជា មានក្រសួងទេសចរណ៍បានត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តាមរយៈ “China Ready” សម្រាប់ទេសចរណ៍កម្ពុជា ដោយស្វាគមន៍ចាត់តាំងពីទេសចរចិនមកដល់ស្រុកខ្មែររហូតដល់ត្រឡប់ទៅវិញ។ ដោយរំពឹងថា នៅបំណាច់ឆ្នាំ២០២៣នេះ យើងនឹងរំពឹងថា ទទួលបានភ្ញៀវទេសចរចិនប្រមាណជាង១លាននាក់ថែមទៀត ក្នុងចំណោមភ្ញៀវអន្តរជាតិទាំងអស់ប្រមាណ៤លាននាក់។ យើងក៏រំពឹងថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលទៅរកសភាពដើមវិញដូចមុនកូវីដ១៩ បើភ្ញៀវចិនមកច្រើន ។

បើតាមឯកឧត្តមហោ សារុន ឆ្នាំ២០២៣នេះជាឆ្នាំពិសេសនៃទំនាក់ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនលើកទី៦៥ ក្នុងនោះក្រសួងទេសចរណ៍បានបង្កើតព្រឹត្តិការធំៗជាច្រើនដូចជាការប្រកួតស៊ីហ្គេម និងដំណើរកម្សាន្តនានា ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ។ ជាក់ស្តែងការមកដល់តំណាងក្រុមទេសចរណ៍ធំៗរបស់ចិននៅកម្ពុជានាពេលនេះ ពួកគេនឹងជួយផ្សព្វផ្សាយទាក់ទាញប្រជាជនចិនមកកម្ពុជាកាន់តែច្រើនព្រោះកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
លោកស្រី ឆាយស៊ីវ លីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុកវត្តមាននៃប្រធានក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ៣០នាក់នេះ គឺជាឱកាសល្អសម្រាប់ជំរុញភ្ញៀវទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។

សំឡេង៖ «ចិនជាទីផ្សារដ៏ធំសម្រាប់ពិភពលោក និងកម្ពុជា ។ កាលពីឆ្នាំ២០១៩ ក៏បានទទួលភ្ញៀវទេសចរចិនរត់មុខគេផងដែរ ។ វត្តមានភ្ញៀវទេសចរចិននេះ គឺជាការបំពេញបន្ថែមនូវតួលេខដែលយើងមើលឃើញថា នៅមានកម្រិតនៅឡើយ។ ការមកនៃភ្ញៀវទេសចរចិននេះ នឹងផ្តល់ផលប្រយោជន៍ដល់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ បង្កើតការងារ បង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ ជាពិសេសអន្តរវិស័យ នៃវិស័យទេសចរណ៍ជាដើម»។

តំណាងក្រុមហ៊ុនទេសចរណ៍ចិនដែលបានមកដល់ប្រទេសកម្ពុជាបានបង្ហាញការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងដែលបានមកប្រទេសកម្ពុជាហើយសន្យាថា និងនាំភ្ញៀវទេសចរចិនឱ្យមកកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយកម្ពុជាស្វាគមន៍ភ្ញៀវទេសចរ និងក្រុមហ៊ុនទេសចរណ៍ចិនមកកម្ពុជាដោយលើកទី១កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរចិនប្រមាណជាង១០០នាក់បានហោះត្រង់ពីចិនមកក្រុងព្រះសីហនុ លើកទី២ ថ្ងៃទី៦កុម្ភៈនេះ ទទួលប្រធានក្រុមហ៊ុនទេសចរចិន ប្រមាណ៣០នាក់ ហើយក៏នឹងត្រៀមទទួលភ្ញៀវទេសចរចិនជាច្រើនថែមទៀតនៅថ្ងៃបន្តបន្ទាប់៕

To Top