ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី វៀតណាមថា រយៈពេល ៥០ ឆ្នាំមកនេះ លោកតែងតែស្មោះត្រង់ ចំពោះបក្ស មាតុភូមិ និងប្រជាជន

បរទេស ៖ ការិយាល័យប្រធានាធិបតី កាលពីថ្ងៃសៅរ៍ បានរៀបចំពិធីផ្ទេរតំណែង ប្រធានាធិបតី ពីអតីតប្រធានាធិបតី លោក ង្វៀន សួនហ្វ៊ុក ទៅប្រធានាធិបតីស្តីទី លោកស្រី វូ ធី អញ សួន ។ ពិធីនេះត្រូវបានធ្វើឡើង នៅវិមានប្រធានាធិបតី ក្នុងទីក្រុងហាណូយ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងមតិក្នុងពិធីនេះ ប្រធានាធិបតីស្តីទីលោកស្រី វូ ធី អញ សួន បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះអតីតប្រធានរដ្ឋ លោក ង្វៀន សួនហ្វុក ចំពោះការដឹកនាំ ការផ្តល់ជំនួយ និងការសម្របសម្រួល ហើយបានសម្តែង នូវគោលបំណងថា ជាមួយនឹងប្រាជ្ញា និងបទពិសោធន៍ដ៏មានតម្លៃក្នុងការងារ និងជីវិតរបស់លោក, លោក ហ្វុក នឹងបន្តរួមចំណែក ដល់បក្ស ប្រជាជន និងប្រទេស បន្តទៀត។

អតីតប្រធានាធិបតីលោក ហ្វុក បាននិយាយថា ក្រឡេកមើលទៅក្រោយរយៈពេល ៥០ ឆ្នាំកន្លងមក លោកតែងតែស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន ខិតខំសិក្សា ធ្វើការដោយឧស្សាហ៍ព្យាយាម និងបានបំពេញគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន។

លោកមានជំនឿថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដឹកនាំដោយអគ្គលេខាបក្ស លោក ង្វៀន ភូ ទ្រុង , បក្ស ប្រជាជន និងកងទ័ព នឹងសម្រេចបានជោគជ័យ នូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ និងភារកិច្ច ដែលកំណត់ដោយសេចក្តី សម្រេចចិត្តទី១៣ មហាសន្និបាតបក្ស ខិតខំកសាងប្រទេសវៀតណាម សន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព និងរឹងមាំលើមាគ៌ាសង្គមនិយម ៕

To Top