ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មី ទៅលើប្រទេសចិន ក្រោយហេតុការណ៍ បាឡុងឈ្លបយកការណ៍របស់ចិន ចូលដែនដីអាមេរិក

បរទេស៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀត ប្រឆាំងនឹងប្រទេសចិន កាលពីថ្ងៃសុក្រ ដោយផ្តោតលើក្រុមហ៊ុន ចំនួន ៦ ដែលជាប់ទាក់ទង នឹងកម្មវិធីឃ្លាំមើល ដែលសង្ស័យរបស់ទីក្រុងប៉េកាំង ។ ការប្រកាសពីដាក់ទណ្ឌកម្មនេះនេះ បានកើតឡើងបន្ទាប់ពី “បាឡុងចារកម្ម” របស់ចិនត្រូវបានគេប្រទះឃើញ និងត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្ម អាមេរិកបាននិយាយថា អង្គភាពនានាកំពុងត្រូវបានដាក់ ក្នុងបញ្ជីខ្មៅ សម្រាប់ការគាំទ្រ “កិច្ចខិតខំប្រឹងប្រែងទំនើបកម្មផ្នែកយោធារបស់ប្រទេសចិន ជាពិសេសពាក់ព័ន្ធនឹងកម្មវិធីអវកាស”។ ទាំងនេះរួមមាន នាវាអាកាស បាឡុងហោះ និងសម្ភារៈពាក់ព័ន្ធ ដែលប្រើប្រាស់ដោយទីក្រុងប៉េកាំង សម្រាប់ការស៊ើបការណ៍សម្ងាត់ និងការឈ្លបយកការណ៍ ។

ការរឹតបន្តឹងថ្មីនេះ នឹងធ្វើឱ្យក្រុមហ៊ុន ដែលត្រូវបានដាក់ទណ្ឌកម្ម កាន់តែពិបាកក្នុងការទទួលបានបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ អង្គភាពគោលដៅនៃទណ្ឌកម្មរួមមាន Beijing Nanjing Aerospace Technology និងវិទ្យាស្ថានស្រាវជ្រាវទី៤៨របស់ចិន China Electronics Technology Group Corporation ។

អនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្ម និងសន្តិសុខ លោក Alan Estevez បាននិយាយថា ការប្រើប្រាស់បាឡុងហោះនៅកម្ពស់ខ្ពស់ របស់ប្រទេសចិន បានរំលោភលើអធិបតេយ្យ ភាពរបស់យើង និងគំរាមកំហែងដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា ការដាក់ទណ្ឌកម្មនឹងបញ្ជាក់យ៉ាងច្បាស់ថា អង្គភាពដែលស្វែង រកការធ្វើឱ្យខូចសន្តិសុខជាតិ របស់ទីក្រុងវ៉ាស៊ីនតោន “នឹងត្រូវកាត់ផ្តាច់ពីការ ចូលប្រើបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top