ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico ថា អាមេរិក គ្មានមីស៊ីល រយៈចម្ងាយឆ្ងាយ ទៅឲ្យអ៊ុយក្រែននោះទេ

បរទេស៖ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន Politico ថា សហរដ្ឋអាមេរិក​ នឹងមិនផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Tactical Missile System (ATACMS) ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែននោះទេ ដោយសារតែមានការព្រួយបារម្ភថា វានឹងមិនគ្រប់គ្រាន់ សម្រាប់អាមេរិកខ្លួនឯង។

ទីក្រុងគៀវនៅតែបន្តទាមទារមីស៊ឡរយៈចម្ងាយឆ្ងាយ និងអាវុធធុនធ្ងន់ផ្សេងទៀត បើទោះបីជាជំនួយយោធាចំនួន ៣០ ពាន់លានដុល្លារ ដែលត្រូវបានអនុញ្ញាតដោយ សេតវិមានរួចហើយក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអ៊ុយក្រែន ត្រូវបានគេជូនដំណឹងថា ទីក្រុងវ៉ាស៊ីនតោនមិនមានមីស៊ីល ATACMS ដែលត្រូវផ្តល់ជូនក្នុងអំឡុងពេលកិច្ចប្រជុំ នាពេលថ្មីៗនេះនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដោយមន្ទីរបញ្ចកោណ បានសន្និដ្ឋានថាការផ្ទេរនេះនឹង “កាត់បន្ថយឃ្លាំងស្តុករបស់អាមេរិក និងធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនរបស់យោធាអាមេរិក” ។

មន្ត្រីយោធាជាន់ខ្ពស់ បាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា “ជាមួយនឹងកញ្ចប់ណាមួយ យើងតែងតែពិចារណា លើការត្រៀមខ្លួនរបស់យើង និងឃ្លាំងផ្ទាល់ខ្លួនរបស់យើង ខណៈពេលដែលផ្តល់ឱ្យអ៊ុយក្រែន នូវអ្វីដែលអ៊ុយក្រែន ត្រូវការនៅលើសមរភូមិទៅទៀត។ មានវិធីផ្សេងទៀតក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវសមត្ថភាពដែលវាត្រូវការ ដើម្បីវាយប្រហារគោលដៅ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top