ព័ត៌មានអន្តរជាតិ

រុស្ស៊ីត្រៀម ជាស្រេចដើម្បីផ្តល់បច្ចេកវិទ្យា ឱ្យឥណ្ឌា ផលិតរថក្រោះថ្មី

បរទេស៖ លោក Vladimir Drozhzhov នាយករងនៃសេវាកម្មសហព័ន្ធរុស្ស៊ីនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា (FSVTS) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់បច្ចេកវិទ្យាសម្រាប់រថក្រោះថ្មីរបស់ប្រទេសឥណ្ឌា។ យោងតាម លោក Drozhzhov ប្រទេសរុស្ស៊ីអាចចែករំលែកវេទិកាតាមដានម៉ូឌុល Armata កម្រិតខ្ពស់របស់ខ្លួនជាមួយប្រទេសឥណ្ឌាបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Drozhzhov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅឯពិព័រណ៍ Aero India 2023 នៅទីក្រុង Bangalore ថា “ភាគីរុស្ស៊ីគ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍រួមគ្នានៃរថក្រោះប្រយុទ្ធដ៏សំខាន់របស់ឥណ្ឌា ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់រុស្ស៊ី” ។

លោក​បាន​បន្ថែម​ថា ប្រទេស​ឥណ្ឌា​គ្រោង​នឹង​បើកដេញថ្លៃជា​អន្តរជាតិ​សម្រាប់​រថក្រោះ​ថ្មី។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីឆ្នាំមុនថា ទីក្រុងញូវដែលីកំពុងស្វែងរកការទិញរថក្រោះក្រោមគម្រោង Future Ready Combat Vehicle របស់ខ្លួន ដើម្បីជំនួសរថក្រោះចាស់ T-72 ដែលរចនាដោយសូវៀត៕ប្រែសម្រួលៈ ណៃ តុលា

To Top