ប៉េកាំង៖ អ្នកជំនាញចិនបានព្រមានថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងឈានទៅរកការកើនឡើង និងសង្រ្គាមនៃជម្លោះ ជាមួយនឹងហានិភ័យនៃការចូលរួមរបស់ណាតូដោយផ្ទាល់ និងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី ដែលកំពុងកើនឡើងនោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងណាតូមានការបំផុសគំនិតនៃ “ការវាយលុកនិទាឃរដូវ” របស់រុស្ស៊ី និងការវាយបករបស់អ៊ុយក្រែន ខណៈសញ្ញាមួយឆ្នាំនៃការចាប់ផ្តើមជម្លោះខិតជិតមកដល់។
ជាមួយនឹងសញ្ញានៃការបញ្ចប់ ដែលអាចកើតមានចំពោះជម្លោះយោធានៅតែបង្ហាញឱ្យឃើញពីចម្ងាយ អ្នកជំនាញបានអំពាវនាវឱ្យបន្ថយស្ថានការណ៍ មុនពេលមានការផ្ទុះឡើងបន្ថែមទៀត។ អ្នកជំនាញបានកត់សម្គាល់ថា នៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈ ប្រទេសចិនត្រូវបានគេរំពឹងថានឹងសម្រុះសម្រួល និងដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូ នៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា រុស្ស៊ីបានចាប់ផ្តើម “ការវាយលុកនិទាឃរដូវ” ថ្មីរបស់ខ្លួនរួចទៅហើយ ជាមួយនឹង “កងទ័ពកាន់តែច្រើន អាវុធកាន់តែច្រើន សមត្ថភាពកាន់តែច្រើន” ។
ប្រមុខអង្គការអូតង់បាននិយាយសំដៅទៅលើជម្លោះយោធាដ៏តានតឹងនៅទីក្រុង Bakhmut ក្នុងតំបន់ Donetsk។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តល់គ្រាប់រំសេវបន្ថែមទៀតដល់អ៊ុយក្រែន ហើយបានចោទប្រកាន់ថា រុស្ស៊ីកំពុងរៀបចំសម្រាប់សង្រ្គាមបន្ថែមទៀត សម្រាប់ការវាយលុកថ្មី និងការវាយប្រហារថ្មីៗ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោករំពឹងថា អ៊ុយក្រែននឹងធ្វើការវាយប្រហារតបតវិញ និងបានធានាដល់ទីក្រុងគៀវ ថាសម្ព័ន្ធមិត្តលោកខាងលិចនៅតែប្រកាន់ជំហរក្នុងការផ្តល់ការគាំទ្រ។
យោងតាមកាសែត Aljazeera សមាជិកណាតូត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការការពារនៅផ្នែកខាងកើតរបស់ខ្លួននៅថ្ងៃពុធជាមួយនឹងបញ្ហាសំខាន់ៗដូចជាការបង្កើនថវិកា ការការពារដែនអាកាស ការបង្កើតក្រុមចម្រុះរថក្រោះ ការហ្វឹកហ្វឺនកងទ័ព និងការគាំទ្រផ្នែកដឹកជញ្ជូននៅក្នុងរបៀបវារៈ៕
ប្រែសម្រួល ឈូក បូរ៉ា