ព័ត៌មានអន្តរជាតិ

ស៊ីរី ជំរុញយូអិន ឲ្យចាត់វិធានការ ចាំបាច់លើអ៊ីស្រាអែល ក្រោយមានការវាយប្រហារ ដោយមីស៊ីលដ៏ធំមួយ

ដាម៉ាស់ ៖ ប្រទេសស៊ីរី បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការចាំបាច់ ដើម្បីរារាំងការវាយប្រហារ របស់អ៊ីស្រាអែល និងរក្សាវាឱ្យទទួលខុសត្រូវ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចអ៊ីស្រាអែល សម្លាប់មនុស្សលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។

ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា “នៅពេលដែលស៊ីរីកំពុងព្យាយាម ព្យាបាលរបួសរបស់ខ្លួន បញ្ចុះសពអ្នកធ្វើទុក្ករកម្មរបស់ខ្លួន និងទទួលការរំលែកទុក្ខ ការអាណិតអាសូរ និងការគាំទ្រ ផ្នែកមនុស្សធម៌អន្តរជាតិ នៅចំពោះមុខការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះ អ៊ីស្រាអែលបានបើកការ វាយលុកតាមអាកាសសំដៅ ទៅលើសង្កាត់ដែលមានប្រជាជនស៊ីវិល”។

មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​ ពី​អាជ្ញាធរ​អ៊ីស្រាអែល​ជុំវិញ ​ការ​វាយ​ប្រហារ​នេះ​នៅឡើយទេ ។ កងទ័ពស៊ីរីបានឲ្យដឹងថា មនុស្ស ៥នាក់ រួមទាំងទាហានម្នាក់ត្រូវបានសម្លាប់ និង ១៥នាក់ផ្សេងទៀតបានរងរបួសដោយសារកាំជ្រួច របស់អ៊ីស្រាអែល ដែលបានបាញ់ចេញពីតំបន់ Golan Heights កាលពីព្រឹកថ្ងៃអាទិត្យ ដោយបន្ថែមថាអ្នករង របួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

អគារ​លំនៅឋាន​ជាច្រើន​នៅ​ក្រុង​ដាម៉ាស និង​ទីជនបទ​របស់​ទីក្រុង​ត្រូវ​បាន​ខូចខាត។ យ៉ាងហោចណាស់មនុស្ស ១៥នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រុមឃ្លាំមើល សិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្គ្រាម។

ជនរងគ្រោះ ៩នាក់ជាជនជាតិស៊ីរី រួមទាំងជនស៊ីវិល២នាក់ ទាហាន ៤នាក់ និងមន្ត្រីយោធា៣នាក់ ។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានឲ្យដឹងថា អត្តសញ្ញាណជនរងគ្រោះផ្សេងទៀតនៅមិនទាន់ដឹងនៅឡើយ។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាំជ្រួចបានវាយប្រហារសង្កាត់ដ៏ធំនៃ Kafar Sousah ដែលជាទីប្រជុំជនប្រវត្តិសាស្ត្រ នៃទីក្រុងដាម៉ាស់ និងតំបន់ al-Mazraa៕

To Top