ព័ត៌មានអន្តរជាតិ

មនុស្សរាប់សិននាក់​ កំពុងបាត់ខ្លួន និងជាង១០នាក់ស្លាប់និងរបួស ក្រោយមានករណីបាក់ដីអណ្តូងរ៉ែមួយនៅចិន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារករណីបាក់ដី នៅទីតាំងអណ្តូងរ៉ែធ្យូងថ្ម នៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន បានកើនឡើងដល់៥នាក់ នៅថ្ងៃព្រហស្បតិ៍នេះដោយមានមនុស្ស៦នាក់ បានរងរបួស និងរាប់សិបនាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃពុធនៅឯអណ្តូងរ៉ែ បើកចំហមួយនៅក្នុងសម្ព័ន្ធ Alxa ដែលដំណើរការដោយក្រុមហ៊ុន Xinjing Coal Mining បានបន្សល់ទុកនូវគំនរកំទេចកំទី ប្រហែល៥០០ម៉ែត្រ និងកម្ពស់ប៉ាន់ស្មាន ៨០ម៉ែត្រ ។

“ខ្ញុំទើបតែចាប់ផ្តើមការងារនៅម៉ោង១និង១៥នាទី នៅពេលរសៀលនៅគ្រាដែលខ្ញុំដឹងថា ថ្មបានធ្លាក់ចុះពីភ្នំ” អ្នករុករករ៉ែដែលសម្រាកនៅមន្ទីរពេទ្យ បានប្រាប់ដល់ទូរទស្សន៍រដ្ឋ CCTV ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។

“ខ្ញុំបានឃើញថា ស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយការជម្លៀស ត្រូវបានរៀបចំឡើង ប៉ុន្តែវាយឺតពេលហើយ ភ្នំទើបតែបាក់” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតី ហ្ស៊ី ជិនពីង កាលពីថ្ងៃពុធបានបញ្ជាឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ទោះបីជាការបាក់ដីលើកទី២ នៅពេលល្ងាចបានរារាំងការងារ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក៏ដោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top