បាសេឡូណា៖ នាយកប្រតិបត្តិអាជីវកម្ម អេស្ប៉ាញលោក Marin Orriols បានឲ្យដឹងថា “ដំបូន្មានអាជីវកម្មរបស់ខ្ញុំបន្ទាប់ពីធ្វើការ និងធ្វើអន្តរកម្មជាមួយទីផ្សារចិនតាំងពីឆ្នាំ២០០៤ គឺថា យើងមិនគួរមើលឃើញប្រទេសចិន ជាការគំរាមកំហែងនោះទេ ប៉ុន្តែជាឱកាសមួយ”។
លោកបានលើកឡើងថា “ដំបូន្មានដ៏ល្អបំផុត ដែលខ្ញុំអាចផ្តល់ជាអ្នកឯកទេសគឺត្រូវស្វែងយល់ពីទីផ្សារចិន ទស្សនាទីផ្សារនោះ និយាយទៅកាន់ទីផ្សារនោះ បង្កើតសម្ព័ន្ធភាពជាមួយទីផ្សារនោះ ហើយព្យាយាមទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងទីផ្សារ”។
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអេស្ប៉ាញក្នុងខែមីនា ឆ្នាំ១៩៧៣ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៤៣ ពាន់លានអឺរ៉ូ (៤៥,៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមតួលេខឆ្នាំ២០២១ ពីវិទ្យាស្ថានអេស្ប៉ាញសម្រាប់ពាណិជ្ជកម្មបរទេស (ICEX) ។
លោក Orriols បានលើកឡើងថា “ខ្ញុំលើកទឹកចិត្តពាណិជ្ជកររបស់យើងឱ្យទៅប្រទេសចិន ដើម្បីរកស៊ីនៅប្រទេសចិន។ វាមានភាពស្មុគស្មាញ ប៉ុន្តែវាមានតម្លៃ ហើយយើងស្ថិតក្នុងស្ថានភាពដ៏អស្ចារ្យមួយដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ល្អ”។
លោកបានអះអាងថា ក្រុមហ៊ុនអេស្ប៉ាញមានឱកាសដ៏ល្អក្នុងការជួយបំពេញតម្រូវការ ដែលកំពុងកើនឡើងនៅក្នុងប្រទេសចិនសម្រាប់ផលិតផល និងសេវាកម្មប្រើប្រាស់ដែលមានគុណភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា “ពាណិជ្ជកម្មកំពុង កើនឡើងយ៉ាងឆាប់រហ័ស” ខណៈដែលការប្រើប្រាស់ នៃវណ្ណៈកណ្តាលដែលកំពុងកើនឡើង របស់ប្រទេសចិននៅតែបន្តកើនឡើង វាជួយដល់ការនាំចេញ របស់អេស្ប៉ាញ។
ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងដោយដំណើរទស្សនកិច្ចកម្រិតខ្ពស់។ យោងតាមសារព័ត៌មានអេស្ប៉ាញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា