ព័ត៌មានអន្តរជាតិ

កាសែត WSJ៖ ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបញ្ជូនទាហាន ២០០នាក់ ទៅកាន់កោះតៃវ៉ាន់

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់ប្រភពពីមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបញ្ជូនទាហានពី ១០០នាក់ ទៅ ២០០នាក់ ទៅកាន់កោះតៃវ៉ាន់ “ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ” ។ បុគ្គលិកទាំងនោះនឹងទទួលភារកិច្ចបណ្តុះបណ្តាលយោធាកោះតៃវ៉ាន់ ប្រឆាំងនឹងអ្វីដែលត្រូវបានពិពណ៌នាថាជា “ការគំរាមកំហែងកើនឡើងពីប្រទេសចិន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ការដាក់ពង្រាយនេះនឹងលើសពីបួនដងនៃវត្តមានយោធាអាមេរិកនៅលើកោះនេះ, នេះបើយោងតាមសារព័ត៌មាន Wall Street Journal ។ យោងតាមមជ្ឈមណ្ឌលទិន្នន័យ Defence Manpower របស់មន្ទីរបញ្ចកោណ បានឱ្យដឹងថា មានទាហានអាមេរិកចំនួន ២៣ នាក់នៅតៃវ៉ាន់ គិតត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ។

អាមេរិកទាំងនេះបានដើរតួជាទីប្រឹក្សា និងជាគ្រូបង្វឹកសម្រាប់សព្វាវុធ និងឧបករណ៍របស់អាមេរិក ដែលត្រូវបានបញ្ជូនទៅតៃប៉ិ។ យោងតាមមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កងទ័ពថ្មីក៏នឹងបណ្តុះបណ្តាល កោះតៃវ៉ាន់នៅក្នុងកលល្បិច “ដើម្បីការពារប្រឆាំងនឹងការវាយលុករបស់ចិន” ។

កាសែត Journal បានរាយការណ៍ថា ក៏មានទាហានតៃវ៉ាន់នៅក្នុងសហរដ្ឋអាមេរិកផងដែរ ជាមួយនឹងការហ្វឹកហ្វឺន “បន្តបន្ទាប់” ជាមួយឆ្មាំជាតិ Michigan នៅភាគខាងជើងនៃរដ្ឋនោះ។ នៅពេលឈានដល់ការអត្ថាធិប្បាយ មន្ទីរបញ្ចកោណបាននិយាយតែថា “ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតៃវ៉ាន់គឺរឹងមាំ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top