ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីតួកគី ជួបពិភាក្សាគ្នា​ តាមទូរស័ព្ទ ទៅកាន់សមភាគីរុស្ស៊ី និងអ៊ុយក្រែន

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ ដែលជាថ្ងៃខួបលើកទី១ នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។
ការិយាល័យប្រធានាធិបតី តួកគី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា លោក Erdogan បានរំលឹកឡើងវិញទៅកាន់លោក ប្លាឌីមៀ ពូទីន និងលោក Volodymyr Zelensky ថា ប្រទេសតួកគី បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយណាមួយឆ្ពោះទៅរកបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពរវាងប្រទេសទាំង២ ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ របស់គាត់ជាមួយលោកពូទីន លោក Erodgan បានបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសតួកគី សម្រាប់ការបន្តកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិ ដែលសម្រេចបាន នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ថែមថា ក្រុងអង់ការ៉ាត្រៀម ខ្លួនជាស្រេច ដើម្បីជួយសម្រួល ដល់បញ្ហានេះ តាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន នេះបើយោងតាមប្រធានាធិបតីតួកគី។

ប្រធានាធិបតីតួកគី ក៏បានពិភាក្សា ជាមួយពួកគេអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន ហើយបានថ្លែងអំណរគុណ ដល់មេដឹកនាំទាំង២ ចំពោះសាមគ្គីភាព របស់ពួកគេជុំវិញការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ដែលបានវាយប្រហារ ភាគខាងត្បូងប្រទេសតួកគី កាលពីដើមខែកុម្ភៈនេះ ។

គេបានដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ និង ជីពីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ទៅកាន់ទីផ្សារ ពិភពលោកចំពេលមានជម្លោះប្រដាប់អាវុធរុស្ស៊ី និងអ៊ុយក្រែន ៕

To Top