ព័ត៌មានអន្តរជាតិ

Update៖ លោក គីម ជុងអ៊ុន ប្រមូលកម្មករវ័យក្មេង ដើម្បីកសាងលំនៅដ្ឋានថ្មីចំនួន ៥ម៉ឺនខ្នង នៅក្រុងព្យុងយ៉ាង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានកៀងគរកម្មករវ័យក្មេង ដើម្បីចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មី នៅទីក្រុងព្យុងយ៉ាង ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអាទិត្យនេះ ខណៈដែលលោកជំរុញឱ្យមាន ផែនការមហិច្ឆតាសាងសង់ផ្ទះចំនួន ៥០.០០០ខ្នងនៅក្នុងរដ្ឋធានី បើទោះបីជាមានការលំបាក ផ្នែកសេដ្ឋកិច្ចខ្លាំងក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានរាយការណ៍ថា លោក គីម បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងសាងសង់នៅសង្កាត់ Sopo នៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ ជាមួយនឹងកម្មករវ័យក្មេងរាប់ពាន់នាក់ ។

នៅក្នុងឆ្នាំ២០២១ លោក គីម បានបង្ហាញផែនការសាងសង់ផ្ទះថ្មីចំនួន ៥០.០០០ខ្នង ក្នុងទីក្រុងព្យុងយ៉ាងនៅឆ្នាំ២០២៥ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ពីការបញ្ចប់ផ្ទះល្វែងថ្មីចំនួន ១០.០០០ខ្នងដំបូង កាលពីឆ្នាំមុន រួមទាំងអគារខ្ពស់ ៨០ជាន់ផងដែរ ។

ផែនការនេះបានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានព្រមានពីវិបត្តិស្បៀងអាហារកាន់តែស៊ីជម្រៅ នៅតំបន់ដាច់ស្រយាលកូរ៉េខាងជើង ស្របពេលមានការដាក់ទណ្ឌកម្ម លើកម្មវិធីអាវុធរបស់ខ្លួន និងការស្រុតចុះសេដ្ឋកិច្ចក្រោយចេញពី បិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ-១៩ រួមទាំងការកើនឡើងថ្មីៗ នៃការស្លាប់ដោយសារការអត់ឃ្លាន នៅក្នុងតំបន់ជនបទមួយចំនួន ។

ប្រទេសកូរ៉េខាងជើង មិនបានបញ្ជាក់ពីការខ្វះខាត ស្បៀងអាហារណាមួយនោះទេ ប៉ុន្តែគណបក្សកាន់អំណាច បានកំណត់ពេលកិច្ចប្រជុំមួយ នៅចុងខែកុម្ភៈនេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍកសិកម្ម ដោយហៅផែនការនេះថា ជា “កិច្ចការសំខាន់ និងបន្ទាន់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top