ព័ត៌មានអន្តរជាតិ

អ្នកការទូតប៉ូឡូញ៖ មហិច្ឆតា​ទឹកដី​របស់​លោក ពូទីន គឺឆ្ងាយ​ហួស​ពី​អ៊ុយក្រែន ទៅទៀត

បរទេស៖ អ្នកការទូតប៉ូឡូញបានព្រមានថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពង្រីកគោលដៅសង្គ្រាមរបស់លោកនៅអ៊ុយក្រែន ដើម្បីរួមបញ្ចូលការដណ្តើមយកទឹកដីបន្ថែម ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត។

លោក Adrian Kubicki អគ្គកុងស៊ុលប៉ូឡូញ នៅទីក្រុងញូវយ៉ក បានឲ្យដឹងថា បច្ចុប្បន្ន ទីក្រុងមូស្គូ មិនមានសមត្ថភាព យោធា ក្នុងការវាយប្រហារ ប្រឆាំងនឹងប្រទេសប៉ូឡូញ ឬប្រទេសណាតូ ផ្សេងទៀតនោះទេ ប៉ុន្តែបានព្រមានថា លោក ពូទីន មានមហិច្ឆតា “ចក្រពត្តិនិយម” យូរអង្វែង និងកំពុងសម្លឹងមើល ឆ្ងាយនៅទឹកដីជិតខាងរបស់លោក។

លោក Kubicki បានប្រាប់កាសែត The National ថា “វាជាដំណើរការបន្តរបស់រុស្ស៊ី ដែលព្យាយាមឈ្លានពាន តំបន់មួយ ចំនួន ដែលពួកគេអះអាងថាជារបស់ពួកគេ។ ប្រសិនបើ​យើង​អនុញ្ញាត​ឱ្យ​រុស្ស៊ី​ដើរ​ទៅ​មុខ ដើម្បី​បោះ​ជំហាន​បន្តិច​ទៅ​មុខ ទី​បំផុត​ពួកគេ​នឹង​គោះ​ទ្វារ​របស់​យើង”។

លោក ពូទីន មិនដែលទទួលយកការរំលាយសហភាពសូវៀតនោះទេ ហើយបានពណ៌នាការដួលរលំរបស់ខ្លួនថាជា “សោកនាដកម្មដ៏អស្ចារ្យនៃសតវត្សទី២០” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញសព្វថ្ងៃជាសមាជិកនៃសហភាពអឺរ៉ុប និងសម្ព័ន្ធភាពណាតូ ប៉ុន្តែបន្ទាប់ពីសង្គ្រាមលោក លើកទីពីរ វាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកុម្មុយនិស្តសម្ព័ន្ធមិត្តមូស្គូ រហូតដល់សហភាពសូវៀតដួលរលំ នៅឆ្នាំ១៩៨៩៕

ប្រែសម្រួល ឈូក បូរ៉ា

To Top