ព័ត៌មានអន្តរជាតិ

លោកខាងលិច កំពុងដាក់សម្ពាធប្រទេសអារ៉ាប់រួម ឱ្យបញ្ឈប់ការនាំចេញទំនិញសំខាន់ៗ ទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសគ្រឿងអេឡិចត្រូនិក

បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពនានាថា បណ្តាប្រទេសលោកខាងលិច កំពុងស្វែងរកការបង្ខំប្រទេសអារ៉ាប់រួម ឱ្យបញ្ឈប់ការនាំចេញទំនិញសំខាន់ៗ ទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសគ្រឿងអេឡិចត្រូនិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ការនាំចេញទាំងនេះ ដែលបានកើនឡើងក្នុងបរិមាណនាពេលថ្មីៗនេះ អាចត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងយោធា នៅក្នុងប្រតិបត្តិការរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ក្រុមមន្ត្រីមានការព្រួយបារម្ភថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមកំពុង ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌល “ការនាំចេញឡើងវិញ” ដែលទំនិញមួយចំនួនត្រូវបានលក់ ក្នុងគោលបំណងដើម្បីគេចចេញពី ការដាក់ទណ្ឌកម្មរបស់ លោកខាងលិចលើទីក្រុងម៉ូស្គូ។

សារព័ត៌មានបានកត់សម្គាល់ថា មន្ត្រីមួយចំនួនមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានចូលទៅជិតអាជ្ញាធរ UAE រួចហើយ ដើម្បីបញ្ជាក់ពីការរឹតបន្តឹងពាណិជ្ជកម្ម ដែលត្រូវបានដាក់លើប្រទេសរុស្ស៊ី ពេញមួយឆ្នាំកន្លងមក ហើយជំរុញឱ្យពួកគេបញ្ឈប់ នូវអ្វីដែលពួកគេសង្ស័យថា ជាការគេចវេសពីទណ្ឌកម្ម។

មន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់ ដែលជិតស្និទ្ធនឹងការពិភាក្សាបានប្រាប់ FT ដោយកត់សម្គាល់ថា “សំណើចម្បងរបស់យើងទៅកាន់ UAE គឺថាពួកគេបញ្ឈប់ការនាំចេញឡើងវិញ [និង] ទទួលស្គាល់ការនាំចេញឡើងវិញ ទាំងនេះមានបញ្ហា” ហើយ “ការសន្ទនាកំពុងបន្ត” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top