ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រុងម៉ូស្គូ បានអះអាងថា ជនជាតិអ៊ុយក្រែន បានឆ្លងចូលទៅក្នុង ភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងបានសម្លាប់ជនស៊ីវិល២នាក់ ដែលជាការចោទប្រកាន់មួយ ដែលត្រូវបានច្រានចោលដោយក្រុង គៀវ ថា ជា “ការបង្កហេតុដោយចេតនា” ។
រុស្ស៊ី បានអះអាងថា តំបន់របស់ខ្លួនជាប់ព្រំដែនអ៊ុយក្រែន ត្រូវបានបាញ់ផ្លោងជាធម្មតា ដោយកងកម្លាំងអ៊ុយក្រែន ប៉ុន្តែការលុកលុយដែល ត្រូវបានចោទប្រកាន់នោះ នឹងក្លាយជាករណីដ៏កម្រនៃ ការប្រយុទ្ធនៅក្នុងទឹកដីរបស់ខ្លួន ។
ក្រុមសេវាសន្តិសុខ FSB របស់រុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជាតិនិយមអ៊ុយក្រែន” ក្រោយមកត្រូវបានរុញច្រាន បកទៅវិញនៅតាមព្រំដែន និងបានកំណត់គោលដៅជាមួយនឹង “ការវាយប្រហារដោយកាំភ្លើងធំ” ។

ករណីនេះបានកើតឡើង នៅគ្រាដែលអ៊ុយក្រែនបញ្ជាឱ្យ មានការជម្លៀសជាចាំបាច់នៃ អ្នកស្រុកដែលងាយរងគ្រោះពីទីក្រុងជួរមុខ Kupiansk និងទឹកដីភាគឦសានដែលនៅជាប់គ្នា ដោយមានការភ័យខ្លាចថា រុស្ស៊ីនឹងដណ្តើមយកទីក្រុងសំខាន់ និងមជ្ឈមណ្ឌលផ្លូវដែកមកវិញផងដែរ ។
គួរបញ្ជាក់ថា ជម្លោះនេះក៏បានរាលដាលដល់កិច្ចប្រជុំក្រុម G20 របស់រដ្ឋមន្ត្រីការបរទេសនៅទីក្រុងញ៉ូដេលី ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានថ្លែងថា គាត់បានជំរុញអ្នកការទូតកំពូលរបស់រុស្ស៊ីលោក Sergei Lavrov ឱ្យបញ្ចប់យុទ្ធនាការយោធានៅអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
