ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី វៀតណាម ស្នើឱ្យបារាំង ជួយសម្រួលទំនិញវៀតណាម ឱ្យចូលទីផ្សារបារាំង

ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានស្នើឱ្យបារាំង ជួយសម្រួលដល់ ការចូលទៅកាន់ទីផ្សារបារាំងរបស់ទំនិញវៀតណាម ជាពិសេសកសិកម្ម និងនេសាទ ។ ការស្នើនេះ ធ្វើឡើងក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បារាំង លោក Olivier Becht កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវគោលបំណងថា ប្រទេសទាំងពីរបន្តសហការគ្នា យ៉ាងជិតស្និទ្ធដើម្បីបង្កើន ឱកាសដែលបង្កើតដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ។

លោកក៏បានជំរុញ ឱ្យប្រទេសបារាំងធ្វើសច្ចាប័ន លើកិច្ចព្រមព្រៀង ការពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ ដើម្បីសម្រួលដល់ ទំនាក់ទំនង វិនិយោគរវាងវៀតណាម និងបារាំងប្រកបដោយសមភាព និងផលប្រយោជន៍ ទៅវិញទៅមក។

លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính ក៏បានស្នើឱ្យបារាំង ជំរុញឱ្យមានការដក “កាតលឿង” របស់ EC IUU ប្រឆាំងនឹងផលិតផល នេសាទវៀតណាម ដើម្បីផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់បារាំង និង EU និងធានាជីវភាព សម្រាប់កម្មកររាប់សែននាក់ ក្នុងឧស្សាហកម្មនេសាទវៀតណាម ៕

To Top