ព័ត៌មានអន្តរជាតិ

WHO ចង់ធ្វើការកំណត់អត្តសញ្ញាណ ​​ប្រភពដើម​នៃជំងឺរាតត្បាត កូវីដ-១៩

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើងថា អង្គការសុខភាពពិភពលោក មិនបានបោះបង់ចោលផែនការណាមួយ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ នោះទេ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានថ្លែងថា “ខ្ញុំបានសរសេរផ្ញើរជូន និងបានពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់ចិន ជាច្រើនលើកច្រើនសារ ដូចកាលពីប៉ុន្មានសប្តាហ៍មុននេះ ។ រហូតមកដល់ពេលនោះ សម្មតិកម្មទាំងអស់អំពីប្រភពដើម នៃមេរោគនៅតែមិនទាន់មានលទ្ធផលអ្វី ជាដុំកំភួនសោះ” ។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងថាមពលសហរដ្ឋអាមេរិក បានសន្និដ្ឋានថា ជំងឺរាតត្បាតទំនងជាកើតឡើង ពីការលេចធ្លាយមន្ទីរពិសោធន៍ចិន តែការវាយតម្លៃមួយនៅទីក្រុងប៉េកាំង បានបដិសេធពីការ បញ្ជាក់នេះទៅវិញ ។

លោក Tedros បានថ្លែងថា “ខ្ញុំចង់ឱ្យច្បាស់ថា អង្គការ WHO មិនបានបោះបង់ចោលផែនការណាមួយ ដើម្បីកំណត់អត្តសញ្ញាណប្រភពដើម នៃជំងឺរាតត្បាតកូវីដ-១៩ឡើយ” ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top