ព័ត៌មានអន្តរជាតិ

លោក បៃដិន ថានឹងរឹតបន្តឹងច្បាប់វិនិយោគរបស់អាមេរិក នៅក្នុងប្រទេសចិន

វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា រដ្ឋបាលរបស់លោក បៃដិន នឹងរឹតបន្តឹងច្បាប់ លើការវិនិយោគក្រៅប្រទេសមួយចំនួន ដោយក្រុមហ៊ុនអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការទទួលបានបច្ចេកវិទ្យា ដែលអាចធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពយោធារបស់ខ្លួន ។ នេះបើយោងតាមមន្ត្រីអាមេរិក ដែលសុំមិនបង្ហាញអត្តសញ្ញាណ បានលើកឡើងនៅក្នុងកិច្ចពិភាក្សាគ្នា ។

បទបញ្ជាប្រតិបត្តិដែលនឹងចេញក្នុងពេលឆាប់ៗនេះ ពីប្រធានាធិបតី ចូ បៃដិន នឹងដាក់កម្រិតលើការវិនិយោគរបស់អាមេរិក លើបច្ចេកវិទ្យាទំនើប ដែលមានកម្មវិធីសន្តិសុខជាតិ ដូចជាសមត្ថភាពយោធាជំនាន់ក្រោយ ដែលអាចជួយប្រទេសចិន កែលម្អល្បឿន និងភាពត្រឹមត្រូវនៃការសម្រេចចិត្តយោធា ។ មន្ត្រីដែលមិនត្រូវបានអនុញ្ញាត ឲ្យធ្វើអត្ថាធិប្បាយ និងបានថ្លែងនៅក្នុងលក្ខខណ្ឌអនាមិក ។

សកម្មភាពដែលរំពឹងទុក គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់សេតវិមាន ដើម្បីកំណត់គោលដៅលើវិស័យយោធា និងបច្ចេកវិទ្យារបស់ប្រទេសចិន នៅពេលទំនាក់ទំនងកាន់តែអាក្រក់ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២នេះ ។

គួររំលឹកថា កាលពីខែតុលា រដ្ឋបាលរបស់លោក បៃដិន បានដាក់ការត្រួតពិនិត្យការនាំចេញ ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការចូលប្រើបន្ទះឈីបកម្រិតខ្ពស់ ដែលសហរដ្ឋអាមេរិក បានអះអាងថា អាចប្រើដើម្បីធ្វើអាវុធ ប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស និងកែលម្អល្បឿន និងភាពត្រឹមត្រូវនៃភស្តុភារយោធារបស់ខ្លួន ។

ទំនាក់ទំនងដ៏ស្មុគ្រស្មាញនេះ កាន់តែតានតឹងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាល់ឡុងចារកម្មចិន កាលពីខែមុន ដែលបានឆ្លងកាត់ប្រទេសនេះ ។ រដ្ឋបាលលោក បៃដិន ក៏បានផ្សព្វផ្សាយជាសាធារណៈនូវការរកឃើញចារកម្មរបស់សហរដ្ឋអាមេរិក ដែលបង្កើនការព្រួយបារម្ភថា ក្រុងប៉េកាំងកំពុងថ្លឹងថ្លែងការផ្តល់អាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមដែលកំពុងបន្ត មកលើប្រទេសអ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top