ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក កូរ៉េខាងត្បូង ដើម្បីស្វែងរកការចែករំលែកព័ត៌មានរហ័សអំពីមីស៊ីលកូរ៉េខាងជើង

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចពិភាក្សា ការពារជាតិកម្រិតការងារ នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែមេសា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការចែករំលែកព័ត៌មាន ក្នុងពេលជាក់ស្តែង អំពីការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង ។

កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំង៣ បានយល់ព្រមចាត់វិធានការ ដើម្បីចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សអំពីការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែទីក្រុងតូក្យូ សេអ៊ូល និងវ៉ាស៊ីនតោន មិនទាន់ចាប់ផ្តើមការពិភាក្សា ពេញលេញនៅឡើយទេ ដោយសារទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកូរ៉េខាងត្បូងនៅតែមិនស្ថិតស្ថេរ ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងត្បូង បានប្រកាស ដំណោះស្រាយរបស់ខ្លួន ចំពោះជម្លោះសំណងពលកម្ម ក្នុងសម័យសង្គ្រាមជាមួយប្រទេសជប៉ុន ដែលជំរុញឱ្យប្រទេសទាំង៣ ពន្លឿន កិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើនឡើងពីកូរ៉េខាងជើង។

មន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំត្រីភាគី របស់ពួកគេជាលើកដំបូង ចាប់តាំងពីខែឧសភាឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

បច្ចុប្បន្ននេះ មិនមានយន្តការណាមួយ សម្រាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្នុងការផ្លាស់ប្តូរព័ត៌មានភ្លាមៗអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនោះទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានបង្កើតប្រព័ន្ធបែបនេះជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលរៀងៗខ្លួន។

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខទូទៅនៃព័ត៌មានយោធា ឬហៅកាត់ថា GSOMIA ដែលអនុញ្ញាតឱ្យសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកទាំងពីរ ចែករំលែកព័ត៌មានសម្ងាត់យោធា ដោយផ្ទាល់ ជាពិសេសទាក់ទងនឹងមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top