ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស ថ្លែងឡើងថា ចក្រភពអង់គ្លេស នឹងមាន “ការសន្ទនាគ្នាដោយត្រង់ៗ” ជាមួយប្រទេសចិន លើបញ្ហាដែលមិនយល់ ស្របក្នុងករណីចាំបាច់

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា លោក James Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេស នឹងមាន “ការសន្ទនាប្រឈមមុខគ្នាដោយត្រង់ៗ” ជាមួយនឹងប្រទេសចិន លើបញ្ហាណាមួយ ដែលពួកគេមិនយល់ស្រប ប្រសិនបើចាំបាច់ ។

លោកបានកត់សម្គាល់ថា ទំនាក់ទំនងរបស់ចក្រភពអង់គ្លេស ជាមួយនឹងប្រទេសមហាអំណាចអាស៊ី មានភាពស្មុគស្មាញ ហើយត្រូវដោះស្រាយ តាមលក្ខណៈច្បាស់លាស់ ។

លោក Cleverly លើកឡើងប្រាប់ដល់ទូរទស្សន៍សិង្ហបុរីមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានចេញផ្សាយការពិនិត្យឡើងវិញ រួមបញ្ចូលរបស់ខ្លួន២០២៣ ដែលជាការធ្វើបច្ចុប្បន្នភាពនៃសន្តិសុខ ការការពារ ការអភិវឌ្ឍន៍ និងគោលនយោបាយការបរទេស របស់រដ្ឋាភិបាលពីការពិនិត្យឡើងវិញ ចុងក្រោយក្នុងឆ្នាំ២០២១ ។

“ការពិនិត្យឡើងវិញរួមបញ្ចូលគ្នាឆ្នាំ២០២១ គឺជាការវាយតម្លៃដ៏ទូលំទូលាយបំផុត នៃវិស័យការពារជាតិ កិច្ចការបរទេស និងគោលនយោបាយអភិវឌ្ឍន៍ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ។ ជាការពិតណាស់ ដោយការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន វាជាការត្រឹមត្រូវដែលយើង ផ្តោតសំខាន់លើបញ្ហានេះ” ។

លោក Cleverly បានថ្លែងថា ការវាយតម្លៃជាច្រើនដែលបានធ្វើឡើង កាលពី២ឆ្នាំមុនបានបង្ហាញថា “រឹងមាំ” ហើយបានកើតឡើង “ក្នុងល្បឿនលឿនជាងអ្វីដែលយើងរំពឹងទុក” ។

ឥឡូវនេះ ចក្រភពអង់គ្លេស កំពុងសម្លឹងមើលពីរបៀប ដើម្បីបំពេញបន្ថែមនូវស្តុកការពារជាតិរបស់ខ្លួន និងធ្វើការជាមួយដៃគូដើម្បីដោះស្រាយ ជាមួយនឹងការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន និងការកើនឡើងនៃប្រទេសចិន ដែលមានឥទ្ធិពល បន្ថែមទៀតនៅលើឆាកពិភពលោក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top