ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ហេតុការណ៍ធ្លាក់ដ្រូន Reaper ជាភស្តុតាងថ្មីទៀតអះអាងថា អាមេរិកពាក់ព័ន្ធ ក្នុងជម្លោះនៅអ៊ុយក្រែន

បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។

ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព យន្តហោះទាំងនោះប៉ុន្តែសង្កត់ធ្ងន់ថា ជាកិច្ចការងារចាំបាច់ដែលត្រូវតែធ្វើ ដើម្បីអាចយកវាមកធ្វើការ សិក្សាស្រាវជ្រាវបន្ថែមបាន។

លោក Patrushev ក៏បានបន្ថែមដែរថា អាមេរិកដែលតែងតែប្រកែកថា មិនបានចូលរួមជម្លោះនៅអ៊ុយក្រែននោះ នៅពេលនេះមានភស្តុតាង កាន់ច្បាស់បន្ថែមទៀតថា ពួកគេពិតជាបានចូលរួមពាក់ព័ន្ធ ដោយផ្ទាល់ជាមួយនឹងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់លោក Patrushev ត្រូវបានធ្វើឡើងបន្ទាប់ពីមេបញ្ជាការ ទ័ពអាមេរិកនៅតំបន់អឺរ៉ុបឬ EUCOM បានរាយការណ៍ថាយន្តហោះដ្រូន MQ-9 Reaper របស់ខ្លួនត្រូវបានបុកទំលាក់ ដោយយន្តហោះចម្បាំងរបស់ រុស្សីលើដែនសមុទ្រខ្មៅ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top