ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលស្វីស ត្រៀមខ្លួនរួចជាស្រេច​ ដើម្បីផ្ដល់សាច់ប្រាក់ដល់ធនាគារ Credit Suisse ខណៈដែលភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ

ស្វីស៖ ខណៈដែលភាគហ៊ុនរបស់ធនាគារ Credit Suisse បានធ្លាក់ចុះដល់កម្រិតទាប កាលពីថ្ងៃពុធ ធនាគារកណ្តាលស្វីសបានឲ្យដឹងថា ខ្លួននឹងផ្តល់សាច់ប្រាក់ ងាយស្រួលដល់ធនាគារវិនិយោគ ប្រសិនបើមានតម្រូវការ។

ចាប់តាំងពីថ្ងៃអង្គារមក ភាគហ៊ុនរបស់ក្រុមហ៊ុន Credit Suisse បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយបានធ្លាក់ចុះជាង ២០ភាគរយកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាគហ៊ុនរបស់ធនាគារ បានបើកនៅតម្លៃ ២,២៨ ហ្វ្រង់ស្វ៊ីស (២,៤៦ដុល្លារអាមេរិក) ក្នុងមួយហ៊ុនកាលពីព្រឹកថ្ងៃពុធ មុនពេលធ្លាក់ចុះដល់ ១,៥៥ ហើយបិទនៅកម្រិតទាប គ្រប់ពេលវេលានៃ ១,៧០ ។

បង្កើតឡើងក្នុងឆ្នាំ១៨៥៦ ធនាគារ Credit Suisse គឺជាធនាគារធំទីពីរ នៅក្នុងប្រទេសស្វីស ហើយមានឥទ្ធិពលយ៉ាងសំខាន់លើទីផ្សារមូលធនពិភពលោក។

ចាប់តាំងពីឆ្នាំ២០២១ មក ធនាគារត្រូវបានញាំញី ដោយព័ត៌មានអវិជ្ជមាន ដូចជាការបាត់បង់ការវិនិយោគជាដើម។ តម្លៃភាគហ៊ុនរបស់ Credit Suisse បានបន្តធ្លាក់ចុះ ហើយតម្លៃទីផ្សាររបស់វាបានធ្លាក់ចុះយ៉ាងខ្លាំង។

នៅដើមខែកុម្ភៈ ក្រុមហ៊ុន Credit Suisse បានប្រកាសពីការខាតបង់សុទ្ធ ចំនួន ៧,៣ ពាន់លានហ្វ្រង់ស្វីស សម្រាប់ឆ្នាំ២០២២ ខណៈដែលនៅឆ្នាំ២០២១ ការខាតបង់សុទ្ធរបស់វាគឺ ១,៧ពាន់លានហ្វ្រង់ស្វីស។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ មាន “ភាពទន់ខ្សោយខាងសម្ភារៈ” នៅក្នុងការគ្រប់គ្រងផ្ទៃក្នុង លើរបាយការណ៍ហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ ធនាគារជាតិអារ៉ាប៊ីសាអូឌីត ដែលជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Credit Suisse បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងមិនបង្កើនភាគហ៊ុនរបស់ខ្លួន នៅក្នុងធនាគារមួយនេះទៀតនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top