ព័ត៌មានអន្តរជាតិ

តួកគីបញ្ចេញ ទំហំខូចខាត ដោយគ្រោះរញ្ជួយដី ដែលធ្វើឱ្យមនុស្សជាង ស្លាប់ ៥១ ០០០នាក់ និងអំពាវនាវ សុំជំនួយពីបរទេស

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប៉ាន់ប្រមាណថា ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារតំបន់កាលពីខែកុម្ភៈ បានធ្វើឱ្យខូចខាតប្រហែល ១០៤ ពាន់លានដុល្លារ នៅក្នុងប្រទេសតួកគីតែម្នាក់ឯង ។ លោកបានអំពាវនាវសុំជំនួយពីបរទេស ខណៈលោកនិយាយថា គ្មានប្រទេសណាអាច ដោះស្រាយគ្រោះមហន្តរាយ ដោយខ្លួនឯងបានឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់នៅឯការប្រមូល ផ្តុំអន្តរជាតិនៃអ្នកផ្តល់ជំនួយ សម្រាប់ទាំង ប្រទេសតួកគី និង ប្រទេស ស៊ីរីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយនោះ លោក Erdogan បានផ្តល់គំនិតខ្លះៗអំពីការខូចខាតដ៏ធំដែលបានកើតឡើងដោយការរញ្ជួយដី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយនិយាយថា ប្រទេសរបស់លោកនឹងមានបំណងសាងសង់ផ្ទះចំនួន ៣១៩ ០០០ខ្នង ឡើងវិញ ឆ្នាំក្រោយ។

លោកប្រធានាធិបតី បានប្រាប់សន្និសីទ ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែលកាលពីថ្ងៃចន្ទថា “មនុស្សជាង ៥១ ០០០នាក់បានក្លាយ ជាជនរងគ្រោះនៃការរញ្ជួយដី, ច្រើនជាង ១០៥ ០០០ នាក់បានរងរបួស។ យោងតាមទិន្នន័យបឋម ការខូចខាតលើសពី ១០៤ ពាន់លានដុល្លារ”។ លោកបន្តថា «វាមិនអាច ទៅរួចសម្រាប់ប្រទេស តែមួយក្នុងការដោះស្រាយវិបត្តិ នៃទំហំនេះដោយខ្លួនឯង ។ យើងនឹងមិនភ្លេច នូវសាមគ្គីភាពដែលមិត្តភ័ក្តិរបស់យើង ទាំងអស់បានបង្ហាញក្នុង ថ្ងៃដ៏លំបាកនេះឡើយ»។

នៅក្នុងព្រឹត្តិការណ៍ដដែលនេះ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ស្ថាប័ននឹងផ្តល់ប្រាក់ចំនួន ១ ពាន់លានអឺរ៉ូ (១,០៧ ពាន់លានដុល្លារ) ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់តួកគី និង ១០៨ លានអឺរ៉ូ (១១៥ លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌នៅក្នុងប្រទេសស៊ីរី ដែលមានប្រមាណ ៦.០០០ នាក់ ដែលបានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លានេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top