ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន អាចនឹងបញ្ចប់តាមផែនការ សន្តិភាពរបស់ចិន តែលោកខាងលិច និងក្រុងគៀវ មិនទាន់ត្រៀមខ្លួន

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ថា លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ផែនការសន្តិភាពរបស់ចិន សម្រាប់អ៊ុយក្រែនអាចប្រើជាមូលដ្ឋាន ដើម្បីបញ្ចប់សង្រ្គាម ។
ប៉ុន្តែលោក ពូទីន បានថ្លែងថា ផែនការនេះអាចត្រូវ បានដាក់ទៅមុខបានលុះត្រាតែពួកគេត្រៀម ខ្លួនរួចជាស្រេច គឺចង់សំដៅទៅលើ “ប្រទេសលោកខាងលិច និងក្រុងគៀវ” ។

គួររំលឹកថា មេដឹកនាំរុស្ស៊ី បានជួបជាមួយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង កាលពីថ្ងៃអង្គារនៅទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីជម្លោះ និងទំនាក់ទំនងរវាងប្រទេសទាំង២ ។

ផែនការរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីខែមុន មិនបានអំពាវនាវឱ្យរុស្ស៊ី ចាកចេញពីអ៊ុយក្រែននោះទេ ។

ការចុះបញ្ជីចំនួន១២ចំណុច ទាមទារឲ្យមានការចរចាសន្តិភាព និងគោរពអធិបតេយ្យភាពជាតិ ដោយមិនមានសំណើជាក់លាក់ណាមួយឡើយ ។

ប៉ុន្តែអ៊ុយក្រែន បានទទូចឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីខ្លួនជាលក្ខខណ្ឌសម្រាប់កិច្ចចរចាណាមួយ ហើយគ្មានសញ្ញាណាមួយបង្ហាញថា រុស្ស៊ីត្រៀមខ្លួនធ្វើបែបនោះទេ ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃចន្ទថា ការអំពាវនាវឱ្យមានបទឈប់បាញ់មួយ មុនពេលរុស្ស៊ីដកខ្លួនចេញ “នឹងជាការគាំទ្រប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សច្ចាប័នលើការសញ្ជ័យរុស្ស៊ី” ។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក ហ្ស៊ី បានបញ្ចប់ លោកពូទីន បានថ្លែងថា “ការផ្តល់ជាច្រើននៃផែនការសន្តិភាពរបស់ចិន អាចត្រូវបានគេយកជាមូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែននៅពេលណាដែលលោកខាងលិច និងក្រុង គៀវ ត្រៀមខ្លួនសម្រាប់រឿងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top