ការ៉ាកាស ៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានច្រានចោលយ៉ាងដាច់អហង្ការនូវអ្វីដែលគេហៅថា “របាយការណ៍នៅក្នុងប្រទេស ឆ្នាំ២០២២ ស្តីពីការអនុវត្តសិទ្ធិមនុស្ស” ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយអះអាងថា សហរដ្ឋអាមេរិក បានប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍នយោបាយ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីយប់ថ្ងៃចន្ទ ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបានឲ្យដឹងថា “ទោះបីជារក្សាការឈ្លានពាន អចិន្ត្រៃយ៍ប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡាក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ព្យាយាមវាយតម្លៃសកម្មភាពរបស់រដ្ឋាភិបាលផ្សេងទៀត” ។
ប្រភពបានបញ្ជាក់ថា នៅក្នុងខួបលើកទី២០ នៃសង្រ្គាមអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់ “សិទ្ធិមនុស្ស គឺជាឧបករណ៍ប្រើសម្រាប់ភាពងាយស្រួលខាងនយោបាយ” ដោយសហរដ្ឋអាមេរិក។
ក្រសួងបានបង្ហាញថា ខណៈពេលដែលសហរដ្ឋអាមេរិកបោះពុម្ពរបាយការណ៍មួយដើម្បី “វាយប្រហារប្រទេសអធិបតេយ្យ” នៅក្នុងព្រំដែនរបស់ខ្លួន “វាបរាជ័យក្នុងការកាត់បន្ថយភាពឃោរឃៅនៃការរើសអើងជាតិសាសន៍របស់ប៉ូលីសជាស្ថាប័ន” ក៏ដូចជាភាពក្រីក្រ។
លើសពីនេះ ខណៈដែលធ្វើឱ្យខូចកិត្តិយសដល់ប្រទេសផ្សេងទៀត “សហរដ្ឋអាមេរិក មិនបានចុះហត្ថលេខា ឬផ្តល់សច្ចាប័នលើកិច្ច ព្រមព្រៀងសំខាន់ៗ ស្ដីពីសិទ្ធិមនុស្ស” រួមទាំងលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “វាបន្តអនុវត្តវិធានការបង្ខិតបង្ខំខុសច្បាប់ និងឯកតោភាគីប្រឆាំងនឹងយ៉ាងហោចណាស់ ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក” ៕