ព័ត៌មានអន្តរជាតិ

អាមេរិក នឹងសាងសង់ មូលដ្ឋានយោធាថ្មី នៅជិតសមុទ្រ ចិនខាងត្បូង

បរទេស ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងសាងសង់មូលដ្ឋាន យោធាថ្មីចំនួនបួន នៅក្នុងប្រទេសហ្វីលីពីន ដោយកត់សម្គាល់ថា យ៉ាងហោចណាស់មូលដ្ឋានមួយ នឹងត្រូវដាក់នៅជិតខ្សែ សង្វាក់កោះជម្លោះ ដែលទាមទារដោយប្រទេសចិន និងប្រទេសមួយចំនួនទៀត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ មេដឹកនាំហ្វីលីពីន បានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការដំឡើង ទីតាំងយោធាថ្មី ដែលត្រូវបានបង្ហាញជាលើកដំបូង កាលពីខែមុន ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយទីក្រុងវ៉ាស៊ីនតោន ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកមិនអាចបង្ហាញ ទីតាំងពិតប្រាកដរបស់មូលដ្ឋាន យោធាអាមេរិកទាំងនោះបានទេ រហូតទាល់តែមានការប្រកាសជាផ្លូវការ ជាមួយសហរដ្ឋអាមេរិក។

លោកបាននិយាយថា “មានកន្លែងបន្ថែមចំនួនបួន ដែលនៅរាយប៉ាយនៅជុំវិញហ្វីលីពីន មានខ្លះនៅភាគខាងជើង មានខ្លះនៅជុំវិញ Palawan មានភាគខាងត្បូងខ្លះទៀត” ដោយបន្ថែមថា មូលដ្ឋានទ័ពនឹងជួយការពារកោះ Luzon ដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន។

Palawan គឺជាតំបន់មួយ ក្នុងចំនោមតំបន់ភាគខាងលិច បំផុតរបស់ប្រទេសហ្វីលីពីន ហើយស្ថិតនៅចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រ ភាគខាងកើត នៃប្រជុំកោះ Spratly ដែលមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានគេស្គាល់ដោយឈ្មោះក្នុងស្រុកមួយចំនួនទៀត ។ ប្រទេសចំនួនប្រាំមួយបានទាមទារ ផ្នែកខ្លះនៃខ្សែសង្វាក់កោះតូច ដែលក្នុងនោះមានចិន កោះតៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ក៏ដូចជាហ្វីលីពីន ទោះបីជាមន្ត្រីអាមេរិកបានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំងម្តងហើយម្តងទៀតថា “ខុសច្បាប់” ក៏ដោយ៕

To Top