ព័ត៌មានអន្តរជាតិ

ភាពជាដៃគូសន្តិសុខ AUKUS នឹងមិននាំមកនូវ សុខសុវត្ថិភាពនោះទេ

បរទេស៖ នៅខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ។ នៅក្នុងខែមីនា ឆ្នាំ២០២៣ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរួម ស្តីពី AUKUS បានលើកឡើងថា គំនិតផ្តួចផ្តើមដ៏សំខាន់ដំបូងរបស់ខ្លួនគឺ គាំទ្រដល់ប្រទេសអូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹក ដែលបំពាក់ដោយអាវុធ និងថាមពលនុយក្លេអ៊ែរ ដោយធ្វើឱ្យអូស្ត្រាលីក្លាយជាសមាជិកទី៧ នៃក្លឹបផ្តាច់មុខនៃរដ្ឋជំរុញនុយក្លេអ៊ែរ។

ដូចអ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងដែរថា កិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ រវាងប្រទេសទាំងបី ពាក់ព័ន្ធនឹងការផ្ទេរសារធាតុ អ៊ុយរ៉ានីញ៉ូម កម្រិតខ្ពស់ កម្រិតសព្វាវុធ ដ៏ច្រើនសន្ធឹកសន្ធាប់ ពីប្រទេសអាវុធនុយក្លេអ៊ែរ ទៅជារដ្ឋគ្មាននុយក្លេអ៊ែរ ដែលបង្កហានិភ័យធ្ងន់ធ្ងរ នៃនុយក្លេអ៊ែរ លើការរីកសាយភាយ និងការបំពានលើវត្ថុ និងគោលបំណងនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ។

ដោយពិចារណាលើការរៀបចំ ត្រីភាគីចុងក្រោយនេះ ភាពជាដៃគូសន្តិសុខ AUKUS នឹងមិននាំមកនូវសន្តិសុខ ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ ផ្ទុយទៅវិញ វានឹងគំរាមកំហែងដល់សន្តិសុខ របស់ប្រទេសអូស្ត្រាលី និងប៉ះពាល់ដល់ស្ថិរភាព នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់ប៉ាស៊ីហ្វិកខាងលិច ។ ជាងនេះទៅទៀត AUKUS នឹងបង្កឱ្យមានការប្រកួតប្រជែង ដែលមិនចាំបាច់រវាងមហាអំណាចផងដែរ។

មនុស្សមួយចំនួនបានលើកឡើងពីការព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការនាវាមុជទឹក នឹងកាត់បន្ថយសមត្ថភាព អធិបតេយ្យភាពរបស់អូស្ត្រាលី ជាជាងពង្រឹងវា។ ឧទាហរណ៍ជាក់ស្តែងបំផុតគឺ “កងកម្លាំងប្ដូរវេន” នៃនាវាមុជទឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលនឹងធ្វើទស្សនកិច្ចនៅអូស្ត្រាលី នៅដើមឆ្នាំ២០២៧ ដែលអាចមានប្រតិកម្ម និងគំរាមកំហែងដល់សន្តិសុខ អធិបតេយ្យរបស់ប្រទេស ។

តម្លៃនៃការទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់ប្រទេសអូស្ត្រាលី នឹងមានចំនួនច្រើន ហើយគម្រោងនេះបានទាក់ទាញ ការរិះគន់យ៉ាងខ្លាំងនៅក្នុងស្រុក ហើយកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យអូស្ត្រាលី ខាតបង់ចន្លោះពី ២៦៨ពាន់លានទៅ ៣៦៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Paul Keating បានចាត់ទុកការទិញនាវាមុជទឹក AUKUS ថាជា “កិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រទាំងអស់” និងជា “ការសម្រេចចិត្តអន្តរជាតិដ៏អាក្រក់បំផុត” ដោយរដ្ឋាភិបាល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top