ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតអាមេរិក៖ លោក ពូទីន បានធ្វើឲ្យលោក ស៊ី ជីនពីង អាម៉ាស់មុខជាមួយនឹងការសម្រេចចិត្តដាក់អាវុធនុយក្លេអ៊ែរនៅបេឡារុស្ស

វ៉ាស៊ីនតោន៖ លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន មិនយកចិត្តទុកដាក់ចំពោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីពួកគេទាំងពីរបានព្រមព្រៀងគ្នាមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើសពីទឹកដីជាតិរបស់ពួកគេ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយបានព្រមានដល់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប ដែលគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។ទង្វើនេះអាចកត់សម្គាល់ជាលើកដំបូង ដែលរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅខាងក្រៅប្រទេសរបស់ខ្លួន បន្ទាប់ពីការដកអាវុធបែបនេះពីអតីតសាធារណរដ្ឋសហភាពសូវៀត បន្ទាប់ពីការដួលរលំនៅឆ្នាំ១៩៩១ ។

ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចធ្វើទៅបាន ដែលត្រូវបានរចនាឡើង សម្រាប់ប្រើប្រាស់នៅលើសមរភូមិសម្រាប់ការវាយប្រហារមានកំណត់ អាចបង្កើនភាពតានតឹងរវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ រដ្ឋាភិបាល​អាមេរិក ​បាន​បង្ហាញ​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ ​ដោយ​​ថា​ខ្លួន​មិន​បាន​ឃើញ​សញ្ញា​ណា​មួយ ​ដែល​រុស្ស៊ី​កំពុង​រៀបចំ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍រដ្ឋមួយ លោក ពូទីន បានលើកឡើងថា កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា នៅលើទឹកដីបេឡារុស្ស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីថា “សហរដ្ឋអាមេរិក បានធ្វើរឿងនេះអស់ជាច្រើនទសវត្សរ៍មកហើយ” ។

ពួកគេបានដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ពួកគេនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ គឺប្រទេសណាតូ នៅក្នុងទ្វីបអឺរ៉ុប តាំងពីយូរយារណាស់មកហើយ”។

លោកបានបន្ដថា ប្រទេសរុស្ស៊ី បានយល់ព្រមជាមួយប្រទេសបេឡារុស្ស ដើម្បី “ធ្វើដូចគ្នា” ខណៈពេលដែលទទូចថា ទីក្រុងម៉ូស្គូ មិនមានចេតនារំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរនោះទេ។រុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនកាលពីមួយឆ្នាំមុន បន្ទាប់ពីបានអះអាងថា សន្តិសុខរបស់ខ្លួនកំពុងស្ថិតក្រោមការគំរាមកំហែងពីការពង្រីកសក្តានុពលរបស់អង្គការណាតូ និងលទ្ធភាពរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្ត៕ប្រែសម្រួល ឈូក បូរ៉ា

To Top