ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រួយបារម្ភចំពោះការរំលាយ អតីតគណបក្សកាន់អំណាច របស់លោកស្រី អ៊ុងសាន ស៊ូជី

បរទេស៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការរំលាយអតីតគណបក្សកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានដំណើរការរួមបញ្ចូលបន្ថែមទៀត ដើម្បីប្រគល់ប្រទេសឲ្យកាន់លទ្ធិប្រជាធិបតេយ្យ ។

គួររំលឹកថា កាលពីថ្ងៃអង្គាររបបយោធាដែលកំពុង កាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានរំលាយគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សចំនួន៣៩ផ្សេងទៀត ជុំវិញការខកខានមិនបានបំពេញតាម កាលកំណត់ក្នុងការចុះឈ្មោះសម្រាប់ ការបោះឆ្នោតដែលគ្រោងនឹងពង្រីក ការកាន់កាប់អំណាចរបស់កងទ័ព ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពី រដ្ឋប្រហារយោធានៅដើមឆ្នាំ២០២១ ដែលបានអូសបន្លាយរយៈពេល ១ទសវត្សរ៍ នៃលទ្ធិប្រជាធិបតេយ្យបណ្តោះអាសន្ន ជាមួយនឹងការបង្រ្កាបដោយការបង្ហូរឈាម លើការតវ៉ាដែលបណ្តាលឱ្យមានការ តស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបយោធា ។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនជាង១លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា ។

មេដឹកនាំដែលត្រូវបានបណ្តេញចេញ ពីប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី វ័យ៧៧ឆ្នាំកំពុងជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំសម្រាប់បទល្មើសផ្សេងៗ ហើយសម្ព័ន្ធមិត្តបក្ស NLD រាប់សិបនាក់របស់លោកស្រីក៏កំពុងជាប់ពន្ធនាគារ ឬបានរត់គេចខ្លួនផងដែរ។ គណបក្ស NLD បានច្រានចោលម្តងហើយម្តងទៀត ក្នុងការឈរឈ្មោះក្នុងការបោះឆ្នោត ដែលមិនត្រូវបានកំណត់កាលបរិច្ឆេទ ដោយហៅទង្វើនេះថា ខុសច្បាប់ ។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការដកគណបក្ស NLD ចេញពីដំណើរការនយោបាយនឹង ធ្វើឱ្យស្ថានភាពកាន់តែលំបាកឡើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top