ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បញ្ជាក់ថា នឹង​បន្ត​ផ្តល់​ដំណឹង​ដល់​អាមេរិក ​អំពី​ការ​បាញ់​មីស៊ីល​ផ្លោង

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក ស្តីពីការបាញ់មីស៊ីលផ្លោងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មា​នចិនស៊ិនហួ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីលោក Ryabkov ដែលបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានបញ្ឈប់រាល់ការផ្លាស់ប្តូរ ព័ត៌មានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្អាកការចូលរួមរបស់ខ្លួននៅក្នុង សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Ryabkov បានបំភ្លឺថា រុស្ស៊ី នឹងប្រកាន់ខ្ជាប់នូវការរឹតបន្តឹង ដែលមានចែងក្នុងសន្ធិសញ្ញា ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត ហើយនឹងបន្តអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ឆ្នាំ១៩៨៨ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលតម្រូវឱ្យភាគីនីមួយៗ ជូនដំណឹងអំពីអន្តរទ្វីប ឬនាវាមុជទឹក និងការបាញ់មីស៊ីល។

លោក Ryabkov បន្ថែមថា ភាគីរុស្ស៊ីបានជូនដំណឹងជាផ្លូវការពីសហរដ្ឋអាមេរិក អំពីជំហររបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីចុងខែកុម្ភៈ ដោយបានផ្អាកជាផ្លូវការនូវ ការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ជាមួយសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top