បរទេស៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូន គណៈប្រតិភូទៅកូរ៉េខាងជើង ដើម្បីផ្តល់អាហារជាថ្នូរនឹង អាវុធរបស់ក្រុងព្យុងយ៉ាង។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Kirby ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយ រវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានលើសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាមេរិកធ្លាប់បានចោទកូរ៉េខាងជើង ពីការផ្គត់ផ្គង់សព្វាវុធដល់ យោធារុស្ស៊ីនៅអ៊ុយក្រែននិងក្រុមទាហាន Wagner ដែលជាទាហានស៊ីឈ្នួលរុស្ស៊ី ហើយកន្លងមក ទីក្រុងព្យុងយ៉ាងបានបដិសេធ ការអះអាងនេះទៅវិញផងដែរ។
លោក Kirby បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមានព័ត៌មានថ្មី អំពីកិច្ចព្រមព្រៀងមួយ។ លោកបាននិយាយថា “យើងក៏បានដឹងថា រុស្ស៊ីកំពុងស្វែងរកការបញ្ជូន គណៈប្រតិភូទៅកូរ៉េខាងជើង ហើយថារុស្ស៊ីកំពុងផ្តល់អាហារ ដល់កូរ៉េខាងជើងជាថ្នូរនឹងគ្រាប់ផងដែរ”។
អ្នកនាំពាក្យសន្តិសុខរបស់អាមេរិករូបនេះ បាននិយាយទៀតថា សហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍ និងកិច្ចព្រមព្រៀងដែលត្រូវបាន ចោទនេះយ៉ាងដិតដល់ផងដែរ។
សូមជម្រាបថា ប្រទេសកូរ៉េខាងជើងគឺជា ប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ហើយបានជួបប្រទះនឹងការខ្វះខាតស្បៀង អាហាររ៉ាំរ៉ៃអស់ជាច្រើនទសវត្សមកហើយ រួមទាំងគ្រោះទុរ្ភិក្សដ៏សាហាវ នៅពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ ១៩៩០ ៕
ប្រែសម្រួលៈ ណៃ តុលា