ហ្សាកាតា៖ ធនាគារកណ្តាលរបស់ ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយល់ព្រម ពង្រឹងការប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុកនៅក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកលើ រូបិយប័ណ្ណអន្តរជាតិសំខាន់ៗ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការហៀរ ចេញពីវិបត្តិពិភពលោក។
កិច្ចព្រមព្រៀងនេះបានធ្វើឡើង នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានប្រារព្ធឡើងនៅកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី ដោយប្រទេសឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។
ទេសាភិបាលធនាគារឥណ្ឌូណេស៊ី លោក Perry Warjiyo បានឲ្យដឹងថា អង្គការនឹងបង្កើតក្រុមការងារមួយ ដើម្បីបង្កើតដំណើរការផ្លាស់ប្តូរ ដើម្បីប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក របស់អាស៊ានក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ជាការសម្រេចបាននូវក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការទូទាត់ រូបិយប័ណ្ណក្នុងស្រុកបច្ចុប្បន្នរបស់អាស៊ាន។
លោក Warjiyo បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននិម្មិតថា “ជាមួយនឹងការប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុកក្នុងប្រតិបត្តិការទូទាំងតំបន់ យើងនឹងអាចពង្រឹងភាពធន់របស់យើង ក្នុងការគាំទ្រពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែនក្នុងតំបន់ ដែលឥឡូវនេះនៅតែពឹងផ្អែកលើ រូបិយប័ណ្ណអន្តរជាតិសំខាន់ៗបន្ទាប់ពីកិច្ចប្រជុំ” ។
លោក Warjiyo បានបន្ដថា ប្រសិនបើបណ្តាប្រទេសអាស៊ាន អាចប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក របស់ពួកគេនៅក្នុងតំបន់នោះ ប្រតិបត្តិការ និងការទូទាត់ទាំងអស់អាចប្រព្រឹត្តទៅបានលឿន និងអាចដោះស្រាយវិបត្តិពិភពលោកបាន ហើយប្រសិនបើវាជោគជ័យ តម្លៃរូបិយប័ណ្ណរបស់ពួកគេនឹងកើនឡើង។
លោក Warjiyo បានបន្ថែមថា “នៅពេលនេះចំនួនរបស់ យើងមានចំនួនតិចតួច ប៉ុន្តែនោះហើយជាមូលហេតុ ដែលយើងត្រូវតែឆ្ពោះទៅមុខ ជាមួយនឹងគ្រោងការណ៍នេះ យើងត្រូវបង្កើនល្បឿនវា” ។
លោកក៏បានលើកឡើងដែរថា ក្នុងជំនួបនោះ បណ្តាប្រទេសអាស៊ាន បានព្រមព្រៀងគ្នាក្នុងការពង្រីកការតភ្ជាប់ ការទូទាត់ឆ្លងដែនទៅកាន់ប្រទេស ក្នុងតំបន់បន្ថែមទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា