ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមធ្វើសមយុទ្ធយោធា ដើម្បីទប់ស្កាត់មីស៊ីល SLBMs របស់កូរ៉េខាងជើង

បរទេស៖ ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធាជើងទឹក ត្រីភាគីរយៈពេលពីរថ្ងៃនៅថ្ងៃចន្ទនេះ ដោយមានការចូលរួមដោយនាវាផ្ទុកយន្តហោះ USS Nimitz ក្នុងដែនទឹកភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដើម្បីពង្រឹងការរារាំងប្រឆាំងនឹង ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

យោងតាមសារព័ត៌មាន Korea JoongAng Daily ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់ ទីក្រុងសេអ៊ូលបាននិយាយថា សមយុទ្ធប្រឆាំងនាវាមុជទឹក និងសមយុទ្ធស្វែងរក និងជួយសង្គ្រោះដែលពាក់ព័ន្ធនឹង នាវាពិឃាតមកពីកងទ័ពជើងទឹក របស់ប្រទេសទាំងបី បានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ពីឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Jeju ។

ក្រសួងនេះបន្តទៀតថា សមយុទ្ធនេះមានគោលបំណង ជំរុញការឆ្លើយតបរបស់ប្រទេសទាំងបី ចំពោះការគំរាមកំហែងក្រោមទឹក ដូចជាមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក (SLBMs) របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។ កងទ័ពជើងទឹកកូរ៉េខាងត្បូងបានដាក់ ពង្រាយនាវាពិឃាតបំពាក់រ៉ាដា Aegis របស់ខ្លួន Yulgok Yi I និងនាវាពិឃាត Chungmugong Yi Sun-sin-class Choe Yeong និង Dae Jo Yeong និងនាវាជំនួយប្រយុទ្ធរហ័ស Soyang ។

ពួកគេបានចូលរួមជាមួយ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកអាមេរិក USS Nimitz និងនាវាពិឃាតបំពាក់មីស៊ីលដឹកនាំលំដាប់ Arleigh Burke-class USS Decatur និង USS Wayne E. Meyer ដែលទាំងពីរបានបំពាក់ដោយរ៉ាដា Aegis ។

នាវាពិឃាតលំដាប់ Asagiri របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន JS Umigiri ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។

សមយុទ្ធប្រឆាំងនាវាមុជទឹក នឹងផ្តោតលើការពង្រឹងសមត្ថភាព របស់ប្រទេសក្នុងការស្វែងរក តាមដាន ចែករំលែកព័ត៌មាន និងបំផ្លាញរាល់ការគំរាមកំហែងក្រោមទឹក របស់កូរ៉េខាងជើង រួមទាំងការហ្វឹកហាត់ជាមួយ យានក្រោមទឹកគ្មានមនុស្សបើក នេះបើយោងតាមក្រសួងការពារជាតិ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top