ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើងជាង ៦ភាគរយ ក្រោយអង្គការ OPEC+ កាត់បន្ថយទិន្នផលរបស់ខ្លួន

វីយែន៖ តម្លៃប្រេងបានកើនឡើងដល់ជាង ៦ភាគរយបន្ទាប់ពីប្រទេសអ្នកផលិតធំៗ បានបង្ហាញការសម្រេចចិត្ត ដ៏គួរឱ្យភ្ញាក់ផ្អើលនៅចុងសប្តាហ៍ ដើម្បីកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភាបានកើនឡើង ៤,៧៥ ដុល្លារអាមេរិក ឬ ៦,២៨ភាគរយ មកនៅត្រឹមតម្លៃ ៨០,៤២ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង ៥,០៤ដុល្លារ ឬ ៦,៣១ ភាគរយ មកបិទនៅតម្លៃ ៨៤,៩៣ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។

ការកើនឡើងនេះបានកត់សម្គាល់ ការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតសម្រាប់ WTI ចាប់តាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ និងជាលទ្ធផលប្រចាំថ្ងៃដ៏ល្អបំផុត សម្រាប់ប្រេងប្រភេទ Brent ចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះបើយោងតាមទិន្នន័យទីផ្សារ Dow Jones ។

សមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបាន គេស្គាល់ថាជាសមូហភាពជា OPEC+ កាលពីថ្ងៃអាទិត្យបានប្រកាស ដោយមិននឹកស្មានដល់ថា ការកាត់បន្ថយទិន្នផលប្រេងឆៅលើសពី ១លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភា រហូតដល់ចុងឆ្នាំ២០២៣។

អារ៉ាប៊ីសាអូឌីត នឹងនាំមុខដោយការកាត់បន្ថយស្ម័គ្រចិត្តចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលប្រទេសអ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត អាល់ហ្សេរី អូម៉ង់ កាហ្សាក់ស្ថាន និងហ្គាបុងក៏នឹងចូលរួម ក្នុងការកាត់បន្ថយផងដែរ។ ទន្ទឹមនឹងនេះ រុស្ស៊ីបាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយការស្ម័គ្រចិត្តចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top