ព័ត៌មានអន្តរជាតិ

អង្គការណាតូ ពិចារណាកម្មវិធីគាំទ្រ រយៈពេលវែង សម្រាប់អ៊ុយក្រែន

ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពនឹងពិភាក្សា អំពីកម្មវិធីគាំទ្ររយៈពេលជាច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន ។

លោក Stoltenberg បានលើកឡើងថា កម្មវិធីនេះនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសណាតូនៅថ្ងៃទី០៤-០៥ ខែមេសា នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Stoltenberg បានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិកថា “ខ្ញុំរំពឹងថា រដ្ឋមន្ត្រីនឹងយល់ព្រមចាប់ផ្តើម ការងារលើការអភិវឌ្ឍន៍កម្មវិធីពហុឆ្នាំសម្រាប់អ៊ុយក្រែន” ។

លោក Stoltenberg បានបន្ដថា ទន្ទឹមនឹងការផ្តល់ការគាំទ្រ សម្រាប់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី កម្មវិធីមានសារៈសំខាន់ សម្រាប់ទស្សន វិស័យរយៈពេលវែង នៃការអភិវឌ្ឍន៍ទំនាក់ទំនង រវាងអ៊ុយក្រែន និងអង្គការណាតូ ។

លោកបានបន្ថែមថា នៅក្នុងកិច្ចប្រជុំ របស់ពួកគេ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសណាតូក៏ នឹងពិភាក្សាអំពីវិធីពង្រឹងការគាំទ្រ សម្រាប់កងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែន និងធានាការផ្លាស់ប្តូររបស់ពួកគេទៅកាន់ស្តង់ដារអង្គការណាតូ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមេសា កិច្ចប្រជុំនៃគណៈកម្មាការ អ៊ុយក្រែន-ណាតូ នឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស របស់អង្គការណាតូ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top