ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ កំពុងឆេះរាលដាល ទូទាំងប្រទេសកូរ៉េខាងត្បូង

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងដោយដកស្រង់សម្តី ក្រុមសេវាព្រៃឈើកូរ៉េ ហៅកាត់ (KFS)ថា ភ្លើងឆេះព្រៃបានឆាបឆេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយសារអាកាសធាតុស្ងួត និងខ្យល់បក់នៅនិទាឃរដូវនេះ ។

គេហទំព័រព័ត៌មានភ្លើងឆេះព្រៃ តាមមពេលវេលាពិតរបស់ KFS បានឱ្យដឹងថា ភ្លើងឆេះព្រៃ សរុបចំនួន៣០កន្លែងបានកើតឡើងនៅទូទាំងប្រទេស នៅម៉ោង៣និង៣០រសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង៣០នាទីម៉ោងសកល ។

ក្នុងនោះមានអគ្គិភ័យ ចំនួន១៥កន្លែងត្រូវបានពន្លត់ ។ រដ្ឋាភិបាលបានចេញការព្រមានអាកាសធាតុស្ងួតខ្លាំង ។

អគ្គីភ័យដ៏ធំមួយបានកើតឡើង នៅម៉ោង១១និង៥៣នាទីព្រឹក ម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង២និង៥៣នាទីម៉ោងសកលនៅលើភ្នំ Inwang ក្នុងក្រុងសេអ៊ូល ដែលជាភ្នំមួយនៅជិតទីតាំងមុនរបស់ការិយាល័យ ប្រធានាធិបតីរបស់ប្រទេសនេះ ។

អាជ្ញាធរពន្លត់អគ្គីភ័យ បានព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃអស់រយៈពេលជាង៣ម៉ោង ដោយបានចល័តមន្ត្រីរាប់រយនាក់ ឧទ្ធម្ភាគចក្រចំនួន៩គ្រឿង និងឧបករណ៍ផ្សេងៗទៀត ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ទេ ប៉ុន្តែប្រជាពលរដ្ឋ ប្រមាណ១២០គ្រួសារត្រូវបានជម្លៀសចេញ ។

ភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ ទំហំ០,២៣គីឡូម៉ែត្រការ៉េ ឬទំហំទីលានបាល់ទាត់ចំនួន៣២កន្លែង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top