ព័ត៌មានអន្តរជាតិ

នាវាពិឃាតរបស់ ទ័ពជើងទឹកអាមេរិក ចូលសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះស្ព្រាតលី

បរទេស៖ កងនាវាចរទី៧ របស់អាមេរិកបាននិយាយនៅថ្ងៃចន្ទថា នាវាពិឃាតបំពាក់មីស៊ីលរបស់អាមេរិក បានចូលសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ ស្ព្រាតលី (Nansha) ដើម្បី “ធានាសិទ្ធិ និងសេរីភាពនាវាចរណ៍” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាន និយាយថា “នៅថ្ងៃទី១០ ខែមេសា នាវាពិឃាតបំពាក់មីស៊ីល Arleigh Burke-class USS Milius (DDG 69) បានអះអាងអំពីសិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Spratly ស្របតាមច្បាប់អន្តរជាតិ” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អស់រយៈពេលជាងមួយសតវត្សមកហើយ ដែលកងកម្លាំងអាមេរិកបានប្រតិបត្តិការនៅ ក្នុងសមុទ្រចិនខាងត្បូង “ជារៀងរាល់ថ្ងៃ” ។

កាលពីខែមីនា នាវា USS Milius បានចូលសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Paracel (Xisha) ដែលចិនមើលឃើញ ថាជាទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំងបានថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយនិយាយថា នាវាពិឃាតរបស់ អាមេរិក “បានចូលដោយខុសច្បាប់” តំបន់ “ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន … ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង” ៕

To Top