ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកថា វត្តមានយោធារបស់ខ្លួន នៅអ៊ុយក្រែន គឺស្ថិតតែក្នុងស្ថានទូតអាមេរិក តែប៉ុណ្ណោះ

បរទេស៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បានបញ្ជាក់ យ៉ាងហោចណាស់កម្រិតខ្លះ ការលាតត្រដាងដ៏អាក្រក់បំផុតមួយ ពីការលេចធ្លាយរបស់មន្ទីរបញ្ចកោណ អំពីកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលត្រូវបានសួរកាលពីថ្ងៃពុធ អំពីឯកសារលេចធ្លាយដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូមួយចំនួន មានកងកម្លាំងពិសេសឈរជើង ក្នុងប្រទេសអ៊ុយក្រែន នោះ លោក Kirby បានសារភាពថាមាន “វត្តមានយោធាតូចរបស់អាមេរិក” ប៉ុន្តែបានអះអាងថា ពួកគេប្រតិបត្តិការតែនៅស្ថានទូតអាមេរិក នៅទីក្រុងគៀវប៉ុណ្ណោះ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន Fox News នៅខាងក្រៅដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Joe Biden ទៅកាន់អៀរឡង់ខាងជើង លោក Kirby បានបដិសេធមិនបង្ហាញអំពីចំនួនជាក់លាក់ នៃកងទ័ពអាមេរិកនៅលើដីនោះទេ។

លោក Kirby បាននិយាយថា “មានវត្តមានយោធាអាមេរិកតូចមួយ នៅស្ថានទូត រួមជាមួយនឹងការិយាល័យភ្ជាប់ការពារជាតិ ដើម្បីជួយយើងធ្វើការលើការទទួលខុសត្រូវ លើសម្ភារៈដែលកំពុងចូល និងចេញពីអ៊ុយក្រែន”។ «ដូច្នេះគេនៅជាប់នឹងស្ថានទូតនោះ និងមន្ត្រីការពារជាតិនោះ»។

លោក Kirby បានបន្ថែមថា កងទ័ពអាមេរិក «មិនប្រយុទ្ធនៅសមរភូមិទេ»។ Fox News បានរាយការណ៍ថា ទាហានអាមេរិកក៏ផ្តល់សេវាសន្តិសុខ ដែលមិនបានបញ្ជាក់ច្បាស់លាស់ផងដែរ ដោយមិនកំណត់អត្តសញ្ញាណប្រភព នៃព័ត៌មាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top