ព័ត៌មានអន្តរជាតិ

អាមេរិក ជឿជាក់ថា UN មានឆន្ទៈក្នុងការសម្របសម្រួល ជាមួយរុស្ស៊ី

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) មានឆន្ទៈខ្លាំងពេកក្នុងការសម្របសម្រួល ផលប្រយោជន៍របស់រុស្ស៊ី ។ នេះបើយោងតាមការលាតត្រដាងថ្មីៗ នៅក្នុងឯកសារដែលបានចាត់ថ្នាក់ ដែលបានបែកធ្លាយតាមអ៊ីនធើរណេត ។

ឯកសារនេះបង្ហាញថា ក្រុងវ៉ាស៊ីនតោន កំពុងតាមដានយ៉ាងដិតដល់ ចំពោះលោក Antonio Guterres ។

ឯកសារជាច្រើនពណ៌នា អំពីទំនាក់ទំនងឯកជន ដែលពាក់ព័ន្ធនឹងលោក Guterres និងអនុប្រធានរបស់គាត់ ។

វាជាព័ត៌មានចុងក្រោយបំផុត ពីការបែកធ្លាយឯកសារសម្ងាត់ ដែលមន្ត្រីអាមេរិកកំពុងរិះរក ដើម្បីឈានដល់ចំណុចមួយ ដែលអាចជឿទុកចិត្តបាន ។

ឯកសារទាំងនោះមានការសង្កេតដោយចំៗពីលោក Guterres អំពីសង្គ្រាមនៅអ៊ុយក្រែន និងមេដឹកនាំអាហ្វ្រិកមួយចំនួន ។

ឯកសារបែកធ្លាយមួយផ្តោតលើកិច្ចព្រមព្រៀង អំពីការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការ សហប្រជាជាតិ និងតួកគី កាលពីខែកក្កដា បន្ទាប់ពីមានការភ័យខ្លាច នៃវិបត្តិស្បៀងអាហារពិភពលោក ។

ឯកសារនោះបានបង្ហាញថា លោក Guterres មានបំណងចង់រក្សាកិច្ចព្រមព្រៀង ដែលលោកមានឆន្ទៈក្នុងការសម្របសម្រួល ផលប្រយោជន៍របស់រុស្ស៊ី ។

ឯកសារនេះបានដាក់ថា “លោក Guterres បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព នាំចេញរបស់រុស្ស៊ី” ទោះបីជា វាពាក់ព័ន្ធនឹងអង្គភាព ឬបុគ្គលរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មក៏ដោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top