ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសទាំងពីរ ចិននិងប្រេស៊ីល នឹងចាប់ដៃគ្នាត្រួសត្រាយអនាគតថ្មី នៃទំនាក់ទំនងចិន និងប្រេស៊ីល ក្នុងយុគសម័យថ្មី

“មេដឹកនាំចិននិងប្រេស៊ីលបង្កើតប្រវត្តិសាស្ត្រ” “ដំណើរទស្សនកិច្ចរបស់លោកLula នៅប្រទេសចិន បានផ្តល់ឱកាសអភិវឌ្ឍន៍ដល់ប្រេស៊ីល” “បន្ទាប់ពីកិច្ចជំនួបជាមួយ លោក Xi Jinping ប្រធានរដ្ឋចិន វ៉ាលីសរបស់លោក ប្រធានាធិបតី Lula គឺដាក់ពេញដោយកិច្ចព្រមព្រៀងទ្វេភាគី និងផែនការសហប្រតិបត្តិការគ្រប់មុខ”។ ល។

សម្រាប់ដំណើរទស្សនកិច្ចរបស់លោកLula ប្រធានាធិបតីប្រេស៊ីល នៅប្រទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែមេសានេះ ប្រព័ន្ធសារព័ត៌មាននិងគ្រប់មជ្ឈដ្ឋាន នៃប្រទេសប្រេស៊ីលបានវ៉ាយតម្លៃយ៉ាងសកម្ម។ អ្នកទាំងអស់គ្នាបានកត់សម្គាល់ ជាទូទៅថា ប្រមុខរដ្ឋ នៃប្រទេសចិននិងប្រេស៊ីល បានកំណត់ពីទិសដៅឱ្យបានច្បាស់លាស់ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងដំណាក់កាលបន្ទាប់ ដែលនឹងដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រួសត្រាយអនាគតថ្មី ។

ឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងប្រេស៊ីល ហើយឆ្នាំក្រោយគឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរទៀតផង។ ក្នុងគ្រាដ៏សំខាន់នេះ ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនរបស់លោក Lula ប្រធានាធិបតីប្រេស៊ីល ដែលបានដំណើរការ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ខែមេសានេះ បានទទួលការយកចិត្តទុកដាក់កម្រិតខ្ពស់ ពីសហគមន៍អន្តរជាតិ។

បើមើលពីលទ្ធផល នៃកិច្ចចរចារវាងប្រមុខរដ្ឋចិននិងប្រេស៊ីល និងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយភាគីទាំងពីរអាចឃើញថា ដំណើរទស្សនកិច្ចរបស់លោក Lula នៅប្រទេសចិនលើកនេះ ទទួលបានផលជោគជ័យ ដោយគាប់ប្រសើរ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីប្រេស៊ីល ដើម្បីត្រួសត្រាយអនាគតថ្មី នៃទំនកា់ទំនងរវាងចិននិងប្រេស៊ីល ក្នុងយុគសម័យថ្មី។ លោកLula ប្រធានាធិបតីប្រេស៊ីល បានថ្លែងថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយ គឺជាបំណងប្រាថ្នារួមដ៏ខ្លាំងក្លា របស់អង្គការនីតិបញ្ញត្តិ និងគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមនៃប្រេស៊ីល។

ប្រទេសចិននិងប្រេស៊ីល គឺជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ និងជាទីផ្សារងើបឡើងថ្មីដ៏សំខាន់ នៅអឌ្ឍគោលខាងកើតនិងខាងលិច។ លោកLula ប្រធានាធិបតីប្រេស៊ីល បានមកបំពេញទស្សនកិច្ច នៅប្រទេសចិនចំនួនបួនលើក ដែលត្រូវបានគេហៅថា “មិត្តចាស់របស់ប្រជាជនចិន”។

ក្នុងកិច្ចពិភាក្សាការងារ កាលពីថ្ងៃទី១៤ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានប្រើពាក្យ”មុតមាំ” ចំនួនបី មកអធិប្បាយពីទំនុកចិត្តគ្នាទៅវិញទៅមក ខាងនយោបាយនិងការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្រ្តរវាងចិននិងប្រេស៊ីល។

លោក Lula ប្រធានាធិបតីប្រេស៊ីល បានរំពឹងថា ទំនាក់ទំនងរវាងប្រេស៊ីល និងប្រទេសចិន អាចលើសពីវិស័យពាណិជ្ជកម្ម។ ប្រមុខរដ្ឋប្រទេសទាំងពីរ សុទ្ធតែប្រើពាក្យ«ចក្ខុវិស័យយុទ្ធសាស្ត្រ» ដើម្បីដោះស្រាយទំនាក់ទំនងទ្វេភាគី។ ប្រការនេះបង្ហាញឱ្យឃើញថា កិច្ចកសាងទំនុកចិត្តគ្នា ខាងនយោបាយរវាងភាគីទាំងពីរ បានឈានដល់កម្រិតថ្មី ហើយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន និងប្រេស៊ីល ក្នុងយុគសម័យថ្មីនឹងកាន់តែរឹងមាំថែមទៀត។

ក្នុងនាមជាប្រទេសនាំមុខ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងប្រេស៊ីល បានលើសពីក្របខ័ណ្ឌទ្វេភាគី ដែលបានដើរតួនាទីជំរុញយ៉ាងសកម្ម ក្នុងការធ្វើឱ្យមានសុក្រឹតភាព នូវអភិបាលកិច្ចសកល។ នៅក្នុងអង្គការសហប្រជាជាតិ ប្រទេសBRICS និងប្រទេសG20ជាដើម ប្រទេសចិននិងប្រេស៊ីល បានបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រ អំពីបញ្ហាសកលដែលយកចិត្តទុកដាក់ដូចគ្នា ជាប់រហូតមក។

ត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ និងត្រូវការការធ្វើទំនើបកម្មនេះ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជនប្រេស៊ីល ហើយក៏ជាសេចក្តីប្រាថ្នារបស់ប្រជាជនចិនផង។ យើងជឿជាក់ថាក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ទំនាក់ទំនងចិន និងប្រេស៊ីលក្នុងយុគសម័យថ្មី នឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ដែលនឹងនាំមកនូវសុភមង្គល និងផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ និងបំពេញបន្ថែមនូវកម្លាំងចលករថ្មី ទៅក្នុងកិច្ចសហប្រតិបត្តិការចិន និងអាមេរិកឡាទីន ក៏ដូចជាសន្តិភាពនិងការអភិវឌ្ឍ របស់ពិភពលោកផងដែរ៕

To Top