ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី ព្រមានថា រុស្ស៊ីអាចនឹងផ្តល់អាវុធឱ្យកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងត្បូង បញ្ជូនអាវុធទៅអ៊ុយក្រែន

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូអាចផ្តល់អាវុធទំនើបៗ ដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបង្ហាញការផ្លាស់ប្តូរគោលនយោបាយ ដែលអាចកើតមានទាក់ទងនឹង ជម្លោះអ៊ុយក្រែននៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃពុធ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

លោក Yoon បាននិយាយថា “ប្រសិនបើមានស្ថានភាព ដែលសហគមន៍អន្តរជាតិ មិនអាចអត់អោនឱ្យបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំ ណាមួយលើជនស៊ីវិល ការសម្លាប់រង្គាល ឬការរំលោភបំពាន ធ្ងន់ធ្ងរនៃច្បាប់សង្រ្គាម វាប្រហែលជាពិបាកសម្រាប់ពួកយើង ក្នុងការទទូចតែលើជំនួយមនុស្សធម៌ ឬផ្នែកហិរញ្ញវត្ថុ”។

លោកបានបន្ថែមថា “ដោយពិចារណាលើទំនាក់ទំនង របស់យើងជាមួយភាគីដែលចូលរួមក្នុងសង្គ្រាម និងការវិវត្តនៅក្នុងសមរភូមិ យើងនឹងចាត់វិធានការសមស្របបំផុត” ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងនេះដែរ លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានកត់សម្គាល់ថា រហូតមកដល់ពេលនេះ ទីក្រុងសេអ៊ូលបានបដិសេធមិនផ្តល់ជំនួយ ធុនធ្ងន់ដល់ទីក្រុងគៀវនោះទេ។

លោក Medvedev បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំឆ្ងល់ថាតើអ្នករស់នៅប្រទេសនេះនឹង និយាយអ្វីខ្លះនៅពេលពួកគេឃើញ គំរូថ្មីបំផុតនៃអាវុធរបស់រុស្ស៊ី ដែលមាននៅក្នុងភាពជាអ្នកជិតខាង ជិតស្និទ្ធបំផុតរបស់ពួកគេដែលជាដៃគូ របស់យើងមកពីកូរ៉េខាងជើង [សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ]?”

សូមជម្រាបថា កូរ៉េខាងត្បូង ដែលជាប្រទេសផលិតអាវុធដ៏ធំ បានបដិសេធមិនបញ្ជូនជំនួយ ធុនធ្ងន់ដល់អ៊ុយក្រែននោះទេ ដោយលើកឡើងពីគោលនយោបាយ របស់ខ្លួនប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់តំបន់សង្រ្គាម។ ការិយាល័យរបស់ប្រធានាធិបតី Yoon បានទទូចថា ការកត់សម្គាល់របស់លោក Yoon ជាមួយ Reuters មិនមែនជាសញ្ញានៃការផ្លាស់ប្តូរ គោលនយោបាយនោះទេ, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ៕

ប្រែសម្រួលៈ ណៃ តុលា

To Top