ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk គំរាមនឹងប្តឹងក្រុមហ៊ុន Microsoft ដោយចោទពីបទប្រើប្រាស់ ទិន្នន័យរបស់បណ្តាញ Twitter

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា លោក Elon Musk ម្ចាស់ក្រុហ៊ុនបណ្តាញសង្គមTwitter បានគំរាមប្តឹងក្រុមហ៊ុន Microsoft ខណៈដែលគាត់បានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានប្រើប្រាស់ទិន្នន័យពីក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់ដោយគ្មានការអនុញ្ញាត ។

មហាសេដ្ឋីរូបនេះ បានលើកឡើងនៅក្នុងបណ្តាញ Twitter ថា “ពួកគេបានបណ្តុះបណ្តាលដោយ ខុសច្បាប់ដោយប្រើទិន្នន័យរបស់ Twitter” ។

លោក Musk បានឆ្លើយតបទៅនឹងផែនការរបស់ក្រុមហ៊ុន Microsoft ក្នុងការលុបទិន្នន័យ Twitter ចេញពីវេទិកាផ្សាយពាណិជ្ជកម្ម សាជីវកម្មរបស់ខ្លួន ។

ជុំវិញករណីនេះដែរ លោកមិនបានផ្តល់ព័ត៌មានលម្អិត ឬភស្តុតាងបន្ថែមដើម្បីគាំទ្រ ដល់ការអះអាងទាំងនេះទេ ។

ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅគ្រាដែលបានទាក់ទងដោយទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ ។

នៅមុននេះ ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹងថា វេទិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួននឹង “លែងគាំទ្រ Twitter” ចាប់ពីថ្ងៃអង្គារទី២៥ ខែមេសា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top