ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ អំពាវនាវឲ្យបណ្តាប្រទេស កាន់សាសនាអ៊ីស្លាម គាំទ្រជនប៉ាឡេស្ទីន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យមានការចូលរួមគ្នា ក្នុងចំណោមបណ្តារដ្ឋដែលកាន់សាសនាមូស្លីម ក្នុងការគាំទ្រទៅដល់ជនប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍របស់លោក Raisi ត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្ទនាគ្នា ជាមួយនឹងសមភាគីកាតាលោក Emir Sheikh Tamim bin Hamad Al Thani ដែលក្នុងនោះមេដឹកនាំនៃ ប្រទេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ផងដែរ។

លោក Raisi ក៏បានធ្វើការថ្កោលទោស ចំពោះបទឧក្រិដ្ឋកម្មដែលអ៊ីស្រាអែល បានធ្វើឡើងក្នុងការប្រឆាំងទៅនឹង ជនប៉ាឡេស្ទីននៅឯវិហារសាសនាមួយ កន្លែងនៅទីក្រុងយេរូសាឡឺមខាងកើតផងដែរ ដោយលោកបានបញ្ជាក់ការរួបរួមគ្នា រវាងបណ្តាប្រទេសអ្នកកាន់សាសនាមូស្លីម នឹងមិនអាចធ្វើឲ្យរឿងនេះ អាចកើតឡើងម្តងទៀតបានទេ។

ប្រធានាធិបតីអ៊ីរ៉ង់ក៏បាននិយាយថា ការពង្រឹងទំនាក់ទំនងជាមួយ ប្រទេសជិតខាងគឺជាអាទិភាព គោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ដោយកត់សម្គាល់ថាការធានា ការអភិវឌ្ឍន៍ក្នុងតំបន់ពឹងផ្អែកលើកិច្ចសន្ទនា អន្តរកម្ម និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសក្នុងតំបន់៕

ប្រែសម្រួល៖ ស៊ុន លី

To Top