ព័ត៌មានអន្តរជាតិ

Update៖ ស៊ូដង់ ឯកភាពឲ្យធ្វើ ការជម្លៀស ជនបរទេស ចេញ ខណៈការបាញ់ប្រហារគ្នា កំពុងក្តៅគគុក

ស៊ូដង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ កងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមជួយជម្លៀសជនបរទេស ខណៈដែលការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងក្រុង ខាធូម (Khartoum) ទោះបីជាមានការសន្យាដោយភាគីសង្គ្រាមថា នឹងឈប់បាញ់គ្នារយៈពេល៣ថ្ងៃ បន្ទាប់ពីជម្លោះមួយសប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់រយនាក់ ក៏ដោយ ។

សេចក្តីថ្លែងការណ៍ ដែលបានលើកឡើង ពីមេទ័ព Abdel Fatteh al-Burhan បានធ្វើឡើង បន្ទាប់ពីការសន្យា របស់មេដឹកនាំកងកម្លាំង គាំទ្ររហ័ស ហៅកាត់ (RSF) ដែលជាគូប្រជែង Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថា Hemedti ក្នុងការបើកព្រលានយន្តហោះ សម្រាប់ការជម្លៀសខ្លួន ។

នៅទីក្រុង Khartoum គេលឺសំឡេងនៃការប្រយុទ្ធគ្នាបានបន្តពេញមួយយប់ ប៉ុន្តែហាក់ដូចជាមិនសូវខ្លាំងនៅព្រឹកថ្ងៃសៅរ៍នេះ ។ ការផ្សាយបន្តផ្ទាល់ដោយបណ្តាញព័ត៌មានក្នុងតំបន់បានបង្ហាញពីផ្សែងហុយឡើង និងសំឡេងនៃការផ្ទុះគ្រាប់ ។

កងទ័ព និងកងប្រដាប់អាវុធ RSF ដែលកំពុងធ្វើការតស៊ូដណ្តើម អំណាចនៅទូទាំងប្រទេស បានចេញសេចក្តីថ្លែងការណ៍ទាំង២ដោយបានឲ្យដឹងថា ពួកគេនឹងរក្សាបទឈប់បាញ់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រសម្រាប់ថ្ងៃឈប់សម្រាក Eid al-Fitr ដែលបុណ្យរបស់សាសនាឥស្លាម ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top