ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ វាយប្រហារភាគខាងលិច ឥណ្ឌូនេស៊ី ប្រជាជនរាប់ពាន់នាក់ បង្ខំចិត្ដភៀសខ្លួនចេញពីតំបន់ឆ្នេរ

ហ្សាកាតា ៖ ទីភ្នាក់ងារអាកាសធាតុ និងមន្ត្រីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារ នៅខេត្តភាគខាងលិច កោះស៊ូម៉ាត្រា ភាគខាងលិចប្រទេស ឥណ្ឌូណេស៊ី នៅ ព្រឹកថ្ងៃអង្គារនេះ ហើយអាចបង្កជា រលកយក្សស៊ូណាមិ ដោយបង្ខំឱ្យប្រជាជន រាប់ពាន់នាក់ភៀសខ្លួន ចេញពីតំបន់ឆ្នេរ ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះបាននិយាយថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៣ ព្រឹក ម៉ោងនៅទីក្រុងហ្សាកាតា នៅព្រឹកថ្ងៃអង្គារនេះ ដោយចំណុចកណ្តាលនៅចម្ងាយ ១៧៧ គីឡូម៉ែត្រភាគពាយ័ព្យនៃស្រុក Mentawai Islands និងជម្រៅ ៨៤ គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ។

ការព្រមានអំពីរលកយក្ស ស៊ូណាមិត្រូវបានដាក់ឱ្យដំណើរការដោយទីភ្នាក់ងារ ដែលបានកែប្រែកម្រិតរញ្ជួយដល់ 6.9 ពីរបាយការណ៍ដំបូង របស់ខ្លួនដែលមានកម្រិត ៧,៣រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងស្រុក Mentawai បានឲ្យដឹងថា អ្នកស្រុកជាង ២០០០នាក់បានភៀសខ្លួនចេញពីតំបន់ឆ្នេរ ដោយឆ្ពោះទៅកាន់ទីទួលខ្ពស់ នៅក្នុងអនុសង្កាត់នៃតំបន់ Siberut Barat (West Siberut) និង Siberut Utara (North Siberut) នៃស្រុក Mentawai Islands នេះបើតាមសម្តីរបស់លោក Amir Ahmari ប្រធានអង្គភាពសង្គ្រោះបន្ទាន់ និងភស្តុភារនៃទីក្រុង ។

លោក Ahmari បានប្រាប់កាសែតស៊ិនហួ តាមទូរស័ព្ទថា “ការរញ្ជួយត្រូវបានគេមានអារម្មណ៍ យ៉ាងខ្លាំងនៅក្នុងអនុស្រុក Siberut Barat និង Siberut Utara ។ អ្នកស្រុកនៅទីនោះបានប្រញាប់ប្រញាល់ ទៅកាន់ទីទួលខ្ពស់ដើម្បីសុវត្ថិភាព” ។

មន្ត្រីដដែលបានបន្តថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួល បានរបាយការណ៍បឋម អំពីការខូចខាត ឬជនរងគ្រោះនៅឡើយទេ ប៉ុន្តែការវាយតម្លៃហានិភ័យ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ នៅពេលក្រោយ ។

យោងតាមការសង្កេតដោយមើលឃើញ រហូតមកដល់ពេលនេះ មិនមានអ្នករងរបួស ស្លាប់ និងការខូចខាតបន្ទាប់ពីការរញ្ជួយដីនោះទេ នេះបើយោងតាមលោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top