ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ សកម្មភាពឯកតោភាគី របស់អាមេរិក ធ្វើឱ្យចុះខ្សោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់ពហុភាគីនិយម

តេអេរ៉ង់៖ តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការដកខ្លួនជាឯកតោភាគី របស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មឡើងវិញ “ខុសច្បាប់” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ គឺជាឧទាហរណ៍ជាក់ស្តែង នៃលទ្ធិឯកតោភាគី ដែលបំផ្លាញធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមកំហែងពហុភាគីនិយម។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir Saeid Iravani បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទ នៅក្នុងសុន្ទរកថាទៅកាន់ការពិភាក្សា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីពហុភាគីនិយម។

បេសកជនអ៊ីរ៉ង់រូបនេះ បានលើកឡើងពីករណីជាច្រើន នៃលទ្ធិឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលរួមមានការបង្ខំប្រទេសនានាឱ្យគាំទ្រ និងចូលរួមក្នុងសកម្មភាព “ខុសច្បាប់” របស់ខ្លួន និងប្រឆាំងនឹងសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយកត់សម្គាល់ថា សកម្មភាពឯកតោភាគីបែបនេះ ក៏បានធ្វើឱ្យប្រព័ន្ធអង្គការសហប្រជាជាតិ ចុះខ្សោយផងដែរ។

នៅថ្ងៃទី៣០ ខែមីនា ICJ បានសម្រេចថា សហរដ្ឋអាមេរិកបាន “អនុញ្ញាតឱ្យតុលាការរបស់ខ្លួនដោយខុសច្បាប់ ដើម្បីបង្កកទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនអ៊ីរ៉ង់” ហើយបានបញ្ជាឱ្យទីក្រុងវ៉ាស៊ីនតោន បង់ប្រាក់សំណងដល់ប្រទេសអ៊ីរ៉ង់ ដែលចំនួននេះនឹងត្រូវបាន កំណត់នៅពេលក្រោយ។

អ្នកការទូតអ៊ីរ៉ង់បានបន្ថែមថា ការប្រើវិធានការបង្ខិតបង្ខំជាឯកតោភាគី រួមទាំងការអនុវត្តក្រៅទឹកដីរបស់ពួកគេ គឺជាឧទាហរណ៍ដ៏គួរឱ្យព្រួយបារម្ភមួយទៀត នៃសកម្មភាពឯកតោភាគី ដែលបង្កគ្រោះថ្នាក់ ដែលផ្ទុយនឹងគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋាន។

លោក Iravani បានលើកឡើងថា “សកម្មភាពខុសច្បាប់” បែបនេះមានផលប៉ះពាល់ មនុស្សធម៌យ៉ាងទូលំទូលាយ ហើយអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងការទូត ចុះខ្សោយក្នុងគោលបំណងដោះស្រាយភាពខុសគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសនានា។

នៅខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាឯកតោភាគី ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងមហាអំណាចក្នុងខែកក្កដា ឆ្នាំ២០១៥ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី របស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យប្រទេសក្រោយកាត់បន្ថយ មួយចំនួនលើការប្តេជ្ញាចិត្តនុយក្លេអ៊ែរ របស់ខ្លួនក្រោមកិច្ចព្រមព្រៀង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top